ភ្នំពេញ ៖ ក្នុងវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋ នៅខណ្ឌព្រែកព្នៅ អាជ្ញាធររាជធានីភ្នំពេញ បានសន្យាដោះស្រាយ តាមសំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅលើវិស័យសាធារណការ បញ្ហាបរិស្ថាន ការតបណ្ដាញទឹកស្អាត វិស័យអប់រំ,ធម្មការនិងសាសនា និងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រព្រឹត្ដទៅនៅថ្ងៃព្រហស្បត៏១០រោច ខែកត្ដិក ឆ្នាំថោះបញ្ចស័កព.ស២៥៦៧ត្រូវនឹង ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងទីធ្លាវត្តឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សានិងជាតំណាង លោកម៉ប់ សារិន ប្រធានប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរង តំណាង លោកអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួម ពីមន្រ្តីពាក់ព័ន្ធជាច្រើនទៀត ។
លោកហួត ហៃ បានបញ្ជាក់ថា ក្នុងវេទិកាសាធារណៈនេះមានបងប្អូនប្រជាពលរដ្ឋបានលើកជាសំណើយ៉ាងច្រើន ពាក់ព័ន្ធទៅលើវិស័យសាធារណការ ក្រៅពីនេះ បញ្ហាបរិស្ថាន រដ្ឋាករទឹក(សុំតបណ្តាញទឹកស្អាត) វិស័យអប់រំ,ធម្មការនិងសាសនា និងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីក៏ជាបញ្ហាដែលបានលើកឡើង ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយផងដែរ។
ការលើកឡើងនេះ គឺពាក់ព័ន្ធទៅនឹងតម្រូវការជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបញ្ហា សុំសោះស្រាយការលិចលង់ ដោយជំនន់ទឹកភ្លៀង ការស្ថាបនាផ្លូវ លូប្រឡាយ ត្រូវបានមន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរ ធ្វើការដោះស្រាយភ្លាមៗ នៅនឹងទីកន្លែងតែម្តង។
ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើក ឡើងជាសំណួរ សំណូមពរផ្ទាល់មាត់មានចំនួន១៩បញ្ហា និងសំណើរ សំណូមពរ ជាលាយល័ក្ខអក្សរដាក់ចូលក្នុងប្រអប់សំបុត្រចំនួន៥៥ច្បាប់ ដែលក្នុងនោះ ក៏មានការស្នើសុំស្ថាបនាទីវត្តអារាមផងដែរ។
ស្នើសុំស្ថាបនាទីវត្តអារាម គឺរដ្ឋមិនមានកញ្ចប់ថវិកាសម្រាប់កសាងព្រះវិហារ ឬហេដ្ឋារចនាសម្ព័ន្ធនៅតាមវត្តអារាមនោះទេ។ ថវិកាឬបច្ច័យដែលបានមកនៅក្នុងការសាង សង់ព្រះវិហារក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងវត្តអារាមនោះ គឺបានមកពីការចូល រួមរបស់ពុទ្ធបរិស័ទ ឬសប្បុរសជននានា ដែលភាគច្រើននៃបច្ច័យទាំងនោះបានមកពី ការធ្វើបុណ្យផ្កាក៏ដូចជា បុណ្យកឋិនទានជាដើម ។
រាល់សំណើរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋទាំងផ្ទាល់មាត់និងជាលាយល័ក្ខអក្សរ រដ្ឋបាលរាជធានីភ្នំពេញ និងយកទៅ ប្រជុំពិភាក្សាដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋភ្លាម ។ ក្រោយការប្រជុំដោះស្រាយហើយ បើទោះបី ការដោះស្រាយនោះទទួលបាននូវភាពវិជ្ជមាន ឬអវិជ្ជមានយ៉ាងណាក្តី រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការឆ្លើយតបមកបងប្អូនប្រជាពលរដ្ឋវិញភ្លាមដែរ។
លោកជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជាដើម។ តាមរយៈវេទិកានេះ ក៏ចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបំរើប្រជាពលរដ្ឋកន្លងមកនោះតើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍ ជាមួយនិងការផ្តល់សេវាសាធារណៈ បានកាន់ល្អប្រសើរឆ្លើយតបទាន់ពេលវេលា ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល៕. សំរិត