ភ្នំពេញ ៖ គួរឱ្យរន្ធត់ខ្លាំងណាស់ ខណៈបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម ដោយត្រូវបានជនសង្ស័យមិនស្គាល់មុខចាក់មួយកាំបិតចំពីក្រោយខ្នងចំហៀងស្មារខាងឆ្វេង ។
ករណីឃាតកម្មនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណេីរវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣ លេីផ្លូវបេតុង កែងផ្លូវ២៧១ ចំណុចក្បែគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ កន វឿន ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ជាមួយគ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោងប្រមាណជា៤ទៀបភ្លឺថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋដើរហាត់ប្រាណ ខណៈដេីរមកដល់ក្បែរកន្លែងកើតហេតុ ក៏ក្រឡេកឃើញបុរសរងគ្រោះបានដេកដួលទាំងផ្កាប់មុខក្នុងថ្លុកឈាម ទេីបមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរចុះទៅពិនិត្យលេីជនរងគ្រោះឃើញថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ចុះមកទីតាំងកើតហេតុនិងយកខ្សែហ៊ុមព័ទ្ធជុំវិញនៃទីតាំងសព រួចក៏ទាក់ទងទៅខាងជំនាញកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តដើម្បីឲ្យចុះមកពិនិត្យទៅលើសពបុរសរងគ្រោះ ។
ក្រោយពីកម្លាំងជំនាញពិនិត្យទៅលើសពរួច ក៏បានបញ្ជាក់ថា សពបុរសរងគ្រោះត្រូវបានគេចាក់មួយកាំបិតចំពីក្រោយខ្នងចំហៀងស្មារខាងឆ្វេងទើបបណ្ដាលឲ្យស្លាប់ ហើយករណីខាងលើនេះគឺជាករណីឃាតកម្ម. ដោយជនសង្ស័យមិនស្គាល់មុខបានចាក់សម្លាប់ទៅលើជនរងគ្រោះ ។ ក្នុងករណីនេះ សមត្ថកិច្ចបានឱ្យគ្រួសារជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកឃាតករដើម្បីយកមកចាត់ការទៅតាមច្បាប់៕ដោយ ៖ ភារ៉ា ដង្កោ