ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានពីមន្ត្រីប្រចាំច្រកអន្តរជាតិព្រំខេត្តប៉ៃលិន ប្រាប់ឱ្យដឹងថា លោក ម៉ៅ សំអឿន ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ត្រូវបានដកនិងផ្លាស់ប្តូរ មុខតំណែងក្រោយពីការចុះផ្សាយព័ត៌មានក្នុងស្រុកផ្ទុះភាពមិនប្រក្រតីនៃទំនិញគេចពន្ធខុសច្បាប់ដែលឈ្មួញនាំពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិព្រំគេចពន្ធខុសច្បាប់ បង្កឱ្យខាតបង់ប្រាក់ចំណូលពន្ធរបស់រដ្ឋ ។
ពាកព័ន្ធនឹងការផ្លាស់ប្តូរលោក ម៉ៅ សំអឿន ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំ លោក ទុំ ណូ ប្រធាន សាខាគយនិងរដ្ឋាករខេត្តប៉ៃលិន បានប្រាប់អ្នកយកព័ត៌មាននគរវត្តនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ដោយច្រានចោលថា លោក ម៉ៅ សំអឿន ប្រធានការិយាល័យ គយនិងរដ្ឋាករច្រកអន្តរជាតិព្រំ ពុំទាន់មានការផ្លាស់ប្តូរមុខតំណែងនៅឡើយនោះទេ គ្រាន់តែថ្នាក់លើហៅទៅបំភ្លឺនិងសាកសួរកិច្ចការងារមួយចំនួនមានរយៈពេល៣ទៅ៤ថ្ងៃមកហើយ មិនទាន់ត្រឡប់មកបំពេញភារកិច្ចវិញប៉ុណ្ណោះដោយប្រគល់តួនាទីឱ្យអនុប្រធាន១រូប ដឹកនាំបំពេញកិច្ចការងារ បណ្តោះអាសន្នហើយថ្នាក់លើសម្រេចយ៉ាងណាលោកក៏មិនទាន់ដឹងច្បាស់ដែរ ។
បច្ចុប្បន្នថ្នាក់លើបានដាក់ លោក សេង សារឿន មកបំពេញកិច្ចការងារដើម្បីត្រួត ពិនិត្យនិងពង្រឹងទៅលើការងារប្រមូលពន្ធនៅច្រកអន្តរជាតិព្រំ ។ លោកប្រាប់ទៀតថា ថ្នាក់លើកោះហៅលោក ម៉ៅ សំអឿន ប្រធានការិយាល័យគយនិងរដ្ឋាករច្រក អន្តរជាតិព្រំ មិនមានអ្វីក្រៅពីហៅឱ្យបំភ្លឺ ចំពោះការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកនោះទេ ។ លោកប្រាប់ទៀតថាការចុះផ្សាយនៅលើទំព័រសារព័ត៌មានក្នុងស្រុកថាមានភាពមិនប្រក្រតីទំនិញគេចពន្ធតាមច្រកអន្តរជាតិព្រំវាមិនត្រឹមត្រូវដូចការចុះ ផ្សាយទាំងស្រុងនោះទេ ។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅ ថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថាមានឈ្មួញធំៗ២ទៅ៣នាក់រកស៊ីដឹកទំនិញគេចពន្ធនាំពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិព្រំ ដូចជាប្រេងសាំង ទំនិញចាប់ហួយនាំចូល រថយន្តកាត់តជាដើម ។ ភាពមិនប្រក្រតី ចំពោះបញ្ហាទាំងនោះហើយដែលគេសង្ស័យមានការឃុបឃិតពីសំណាក់គយឈរជើងនៅច្រកអន្តរជាតិព្រំ ទើបថ្នាក់លើបានកោះ ហៅលោក ម៉ៅ សំអឿន ប្រធានការិយាល័យគយនិងរដ្ឋាករច្រកអន្តរជាតិព្រំទៅបំភ្លឺ ។
ជុំវិញបញ្ហានេះ លោក ម៉ៅ សំអឿន ប្រធានការិយាល័យគយនិងរដ្ឋាករច្រក អន្តរជាតិព្រំបានប្រាប់នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ថា លោកពិតជាត្រូវបានថ្នាក់លើផ្ទេរភារកិច្ចមករាជធានីភ្នំពេញ ដោយថ្នាក់លើដាក់លោក សេង សារឿន ទៅបំពេញកិច្ចការងារជំនួសលោកវិញ ៕
ដោយ៖ សំ វិច្ឆិកា