ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ប្រមូលទិន្នផលស្រូវ វស្សាបាន៩២%ហើយ នាពាក់កណ្តាលខែធ្នូនេះ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង សម្រេចការប្រមូលទិន្នផលស្រូវវស្សាបាន ៩២%ហើយ គិតត្រឹមពាក់កណ្តាលខែធ្នូនេះ ។ ប្រធានមន្ទីរកសិកម្ម

រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន ឲ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ធ្នូ ២០២៣នេះ នៅទូទាំងខេត្តកំពង់ឆ្នាំង ប្រជាកសិករសម្រេចប្រមូលផលស្រូវវស្សាបានចំនួន ១៣ម៉ឺន ១ពាន់ ៧៧៣ហិកតា ស្មើនឹង៩២,១៤% នៃផែនការដែលអនុវត្តបានលើផ្ទៃដីចំនួន ១៤ម៉ឺន ៣ពាន់ ៥ហិកតា ។ ចំណែកទិន្នផលស្រូវដែលទទួលបានជាមធ្យមបានចំនួន៣ ៤០០គីឡូក្រាម ក្នុង១ហិកតាផងដែរ។ 

ចំពោះតម្លៃស្រូវក្នុងឆ្នាំនេះ ត្រូវបានលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បញ្ជាក់ថា ចំពោះស្រូវខ្សាយចំរុះហាលស្ងួតមានតម្លៃ ១ពាន់ ៣០០រៀល ក្នុង ១គីឡូក្រាម គឺកើនឡើង ៤០០រៀល ទៅ៥០០រៀល ប្រៀបធៀបនឹងឆ្នាំមុនដែលមានតម្លៃត្រឹមតែ ៨០០ ទៅ៩០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ។ ចំណែកស្រូវផ្ការំដួលហាលស្ងួតមានតម្លៃ ១.៥០០រៀល ក្នុង ១គីឡូក្រាម គឺកើនឡើង ៤០០រៀល បើប្រៀបធៀបនឹងឆ្នាំមុនៗ ដែលមានតម្លៃត្រឹមតែ ដែលតម្លៃត្រឹមតែ ១គីឡូ ១.១០០រៀលប៉ុណ្ណោះ ក្នុង១គីឡូក្រាម ។

លោកប្រធានបានបញ្ជាក់បន្ថែមទៀតថា តម្លៃស្រូវក្នុងសប្តាហ៍នេះ គឺស្រូវក្រអូប(ស្ងួត) តម្លៃ ១,៥៦០រៀលក្នុង ១គីឡូក្រាមដែលខ្ពស់ជាងឆ្នាំ២០២២ ចំនួន២២០រៀល ក្នុង១គីឡូក្រាម។ ស្រូវចម្រុះ(ស្ងួត) ជាមធ្យមមានតម្លៃ ១,៣៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន ១០០រៀល ក្នុង១គីឡូក្រាម និងស្រូវ IR (សើម) តម្លៃ ៩៩០រៀល ក្នុង ១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន ១៨០រៀល ក្នុង១គីឡូក្រាម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print