ទីក្រុងប៉េកាំង និងសៀងហៃ បានសម្រេចបន្ធូរបន្ថយលក្ខណមួយចំនួន ដើម្បីជួយស្តារវិបត្តិទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិនឡើងវិញតាមរយៈ ការកក់ប្រាក់មុនទាបនិង ផ្តល់កម្ចីរយះពេលវែងជាងមុន។
ប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២លេីពិភពលោក កំពុងតែជួបបញ្ហាទីផ្សារអចលនទ្រព្យចាប់តាំងពីវិបត្តិកូវីដ១៩មកម្លេះ ហើយវិស័យនេះកាន់តែធ្លាក់ដុនដាប ពីបញ្ហាមួយទៅបញ្ហាមួយទៀតដែលជាហេតុធ្វើឲ្យគ្មានទំនុកចិត្តពីអ្នកវិនិយោគ ក៏ដូចជាអ្នកទិញប្រើប្រាស់ផ្ទាល់។
ដោយសារតែឃើញសញ្ញាធ្លាក់ចុះកាន់តែខ្លាំងមិនអាចងើបឡើងវិញ អជ្ញាធរក្រុងប៉េកាំងបានចេញសេចក្តីថ្លែងការណ៏មួយថា ពួកគេនឹងបញ្ចុះការកក់ប្រាក់ទិញផ្ទះ មកត្រឹម៣០ភាគរយប៉ុណ្ណោះ ដោយពីមុនអតិថិជនតម្រូវឲ្យកក់ប្រាក់ចាប់ពី៣៥ ទៅ៤០ភាគរយ សម្រាប់អ្នកទិញផ្ទះដំបូងនិងទី២។ ចំណែកអ្នកទិញផ្ទះជាលើកទី២ នៅក្នុងតំបន់ជាយក្រុងទាំង៦តំបន់តម្រូវឲ្យកក់ប្រាក់៥០ភាគរយ មុន ហើយតំបន់ដែលមិនស្ថិតនៅក្នុងទីក្រុង ត្រូវបង់៤០ភាគរយមុន ដោយពីមុនអតិថិជនត្រូវបង់ពី៦០ ទៅ ៨០ភាគរយ។ ចំពោះការទិញផ្ទះនៅក្នុងទីក្រុងសៀងហៃ អជ្ញាធរសម្រេចបញ្ចុះការកក់ប្រាក់ពី៥០ ទៅ ៧០ភាគរយ មកត្រឹម ពី ៤០ភាគរយ ទៅ៥០ភាគរយ ប៉ុណ្ណោះ។
ដើម្បីជួយសម្រួលដល់ការទិញអចលនទ្រព្យក្នុងកំឡុងពេលដ៏លំបាកនេះចិនក៏បានបន្ថែមរយះពេលកម្ចីរហូតដល់ទៅ៣០ឆ្នាំ ដោយពីមុនអតិថិជនអាចយកកម្ចីទិញផ្ទះត្រឹមតែ២៥ឆ្នាំ។