នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សាលា ប៊ែលធី អន្តរជាតិ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សា បឋមភូមិ ជូនដល់សិស្សប៊ែលធីថ្នាក់ទី៩ ជំនាន់ទី១៨ ឆ្នាំសិក្សា២០២២–២០២៣ ចំនួន ៣,១៦៦នាក់ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិទី២ (ស្ពានអាកាសចោមចៅ) ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ។
លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ២៩សាខា(២៦សាខា កំពុងដំណើរការ និង ៣សាខាកំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការសរុបចំនួន ២,៤៤៦នាក់ (នារី ៩៧៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។
ក្នុងឆ្នាំសិក្សា២០២២–២០២៣ នេះ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី ៩ ដែលបានប្រឡងបញ្ចប់សញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ចំនួន ៣,១៩៥នាក់ (បីពាន់មួយរយកៅសិបប្រាំនាក់) ក្នុងនោះ ជាប់ ៣,១៦៦នាក់ (បីពាន់មួយរយហុកសិបប្រាំមួយនាក់) ស្មើនឹង ៩៩.០៩%។ ដោយសិស្សមានចំនួនច្រើន ពិធីប្រគល់សញ្ញាបត្រមធ្យម សិក្សាបឋមភូមិនេះ ត្រូវបានរៀបចំជា៣លើកគឺលើកទី១៖ ថ្ងៃទី១៦ ធ្នូ ២០២៣ ចំនួន ១,០១៤នាក់ មកពី ១០សាខា, លើកទី២៖ ថ្ងៃទី៣០ ធ្នូ ២០២៣ ចំនួន ១,១១១នាក់ មកពី ៦សាខានិងលើកទី៣៖ ថ្ងៃទី១៣ មករា ២០២៤ ចំនួន ១,០៤១នាក់ មកពី ៨សាខា។ ចំពោះសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិទាំងអស់នឹងទទួល បានសញ្ញាបត្រពីរ ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បី ទុកជាកាលប្បវត្តិសម្រាប់សិស្សគ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់ ប្រឹងប្រែងសិក្សារៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និង សង្គមជាតិ រហូតទទួលបានជោគជ័យប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាពេលនេះ។ ឯកឧត្តមបណ្ឌិត ក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅ ថ្នាក់ទី១០–១១ និងទី១២ ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងទទួលបាននិទ្ទេសល្អ ហើយអាចបន្តទៅសិក្សានៅថ្នាក់ ឧត្តមសិក្សាឱ្យបានគ្រប់ៗគ្នា។ ទន្ទឹមគ្នានេះដែរឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា អ្នកអាណាព្យាបាល ទាំងអស់ដែលតែងតែគាំទ្រ និងបញ្ជូនបុត្រធីតារបស់ខ្លួនមកសិក្សានៅតាមបណ្តាសាខានៃសាលា ប៊ែលធី អន្តរជាតិ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និង លោកជំទាវ បានចូលរួមអបអរសាទរ និងប្រគល់សញ្ញាបត្រដល់ សិស្សជ័យលាភីទាំង ១,០១៤នាក់នាពេលនោះផងដែរ។