កូរ៉េខាងជើងបានបញ្ជាក់ពីការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប ICBM Hwasong-18

ចែករំលែក៖

កូរ៉េខាងជើងបានបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) Hwasong-18 ចុងក្រោយគេ ដើម្បីវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធរបស់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។

ថ្ងៃនេះ (ថ្ងៃទី 19 ខែធ្នូ) ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំ គីម ជុងអ៊ុន បានមើលការបាញ់បង្ហោះ ICBM Hwasong-18 នៅថ្ងៃទី 18 ខែធ្នូ នៅទីតាំងមួយភាគខាងកើតនៃរដ្ឋធានីព្យុងយ៉ាង។ ICBM Hwasong-18 បានឈានដល់កម្ពស់ 6,518 គីឡូម៉ែត្រ ហោះបានចម្ងាយ 1,002 គីឡូម៉ែត្រ ហើយបានទៅដល់គោលដៅដែលគ្រោងទុកស្ថិតនៅសមុទ្រអន្តរជាតិ។
យោងតាម KCNA លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការបាញ់បង្ហោះនេះបានបញ្ជូន “សញ្ញាច្បាស់លាស់ដល់កងកម្លាំងអរិភាព ដែលបានបញ្ឆេះនូវភាពច្របូកច្របល់នៃការប្រឈមមុខដាក់គ្នាដោយយោធាដែលមិនប្រុងប្រយ័ត្ន” ប្រឆាំងនឹងកូរ៉េខាងជើង។ យោងតាមលោក គីម ជុងអ៊ុន ការបាញ់បង្ហោះនេះ “បង្ហាញពីឆន្ទៈរបស់កូរ៉េខាងជើង សម្រាប់ការឆ្លើយតបដ៏តឹងតែងបំផុត” ។
នៅថ្ងៃអង្គារទី១៩ ខែធ្នូនេះដែរ កងទ័ពអន្តរជាតិដែលកំពុងឈរជើងនៅឯភូមិ Panmunjom ផ្នែកទឹកដីកូរ៉េខាងត្បូង ជាប់ព្រំដែនជាមួយកូរ៉េខាងជើង និងដែលកន្លងមកបានរំសាយអាវុធ គឺអាចកាន់កាំភ្លើងឡើងវិញបាន។
UNC ដឹកនាំដោយសហរដ្ឋអាមេរិក គឺជាកងកម្លាំងយោធាចម្រុះជាតិសាសន៍និងមានភារកិច្ចត្រួតពិនិត្យស្ថានការណ៍នៅតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េទាំង២ នៃភូមិ Panmunjom។ បើតាមអ្នកនាំពាក្យ UNC លោក Isaac Taylor ការសម្រេចចិត្តអនុញ្ញាតឱ្យកងទ័ព UNC កាន់កាំភ្លើងឡើងវិញ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានបំពាក់អាវុធឡើងវិញឱ្យទាហានរបស់ខ្លួនដែលឈរជើងនៅតាមបណ្ដោយព្រំដែនជាមួយកូរ៉េខាងត្បូង។ លោក Taylor បន្ថែមថា ការសម្រេចចិត្តរបស់ UNC ក៏មានគោលដៅការពារទាំងជនស៊ីវិលនិងទាហានរបស់ខ្លួននៅតំបន់ព្រំដែនអន្តរកូរ៉េដែរ។
កូរ៉េទាំង២បានឯកភាពគ្នាកាលពីឆ្នាំ២០១៨ រំសាយការបំពាក់អាវុធដល់កងទ័ពរបស់ខ្លួននៅតំបន់ព្រំដែន ក្រោមកិច្ចព្រមព្រៀងអន្តរកូរ៉េមួយ។ ប៉ុន្តែកងទ័ពកូរ៉េខាងជើងត្រូវបានរាយការណ៍ថាបានកាន់កាំភ្លើងឡើងវិញចាប់តាំងពីខែវិច្ឆិកាកន្លងទៅ ក្រោយកូរ៉េទាំង២ ចោទប្រកាន់ដាក់គ្នាទៅវិញទៅមក និងព្យួរកិច្ចព្រមព្រៀងនេះចោល ពាក់ព័ន្ធនឹងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតរបស់កូរ៉េខាងជើងក្នុងខែដដែលនោះ៕ ដោយធីរីណា

...

រូប​ថត​: KCNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print