ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានឱ្យដឹងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះថា កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងខ្លាឃ្លោក និងបៀរ) ឃាត់ខ្លួនមនុស្សបានចំនួន ០៣នាក់ កាលពីម្សិលមិញនេះ ស្ថិតនៅចំណុចភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៣នាក់ ១-ឈ្មោះ ហឿន ហឿត ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២-ឈ្មោះ សឿ រី ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និង៣-ឈ្មោះ ចែម ពៅ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិសំរោង ឃុំសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន ៖
-សន្លឹកបៀរចំនួន ០១ហ៊ូ
-គ្រាប់ខ្លាឃ្លោកចំនួន ០៣គ្រាប់
-ចានជ័រ និងចង្អេរសម្រាប់ក្រលុកខ្លាឃ្លោកចំនួន០២
-កំរាលសម្រាប់លេងចំនួន០១ ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៣នាក់ខាងលើ ត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕