ខ្ចីម៉ូតូបងស្រីមិនបានវាយម៉ូតូបណ្តាលឱ្យខូចខាត រត់គេចបាន៦ថ្ងៃត្រឡប់មកវិញពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យនគរបាល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យនគរបាល ខណៈដែលជនសង្ស័យរូបនេះខ្ចីម៉ូតូបងស្រីខ្លួនឯងមិនបានក៏ទាញចបជីកវាយកម្ទេចម៉ូតូ ហើយរត់គេចខ្លួនបាន៦ថ្ងៃត្រឡប់មកវិញដោយដៃមានកាន់ស្នចាក់ត្រីនិងដាវកែច្នៃដើរអុកឡុកពេញភូមិបង្កឱ្យមានការភ្ញាក់ផ្អើល។

ករណីប្រជាពលរដ្ឋឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យនគរបាលចាត់ការតាមផ្លូវច្បាប់នេះបានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលបានឱ្យដឹងថា ជនសង្ស័យដែលប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យនគរបាលមានឈ្មោះ នូ សុផា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

នគរបាលបានបន្តទៀតថា ឈ្មោះ នូ សុខគីម ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យ រស់នៅភូមិឃុំជាមួយគ្នា រួមជាមួយនឹងប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យនគរបាល ពាក់ព័ន្ធករណី ធ្វើអោយខូចខាតដោយចេតនា។

ប្រភពបានឱ្យដឹងថា កាលពីវេលាម៉ោង៥និង៤៥នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិឃុំខាងលើមុនពេលកើតហេតុ ជនសង្ស័យឈ្មោះនូ សុផា បានយកចបជីកដែកទៅវាយបំផ្លាញម៉ូតូរបស់ឈ្មោះ នូ សុខគីម០១គ្រឿង ម៉ាកប៊ីត ពណ៌ក្រហមលាយស ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1M-9297 បណ្ដាលឱ្យខូចខាតផ្នែកខាងមុខ។ ពេលធ្វើសកម្មភាពរួចជនបង្កបានរត់គេចខ្លួនបាត់។

នគរបាលបានបន្ថែមទៀតថា លុះមកដល់វេលាម៉ោង៦និង៣០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឈ្មោះ នូ សុផា បានត្រឡប់មកផ្ទះវិញ ដោយមានកាន់ស្នចាក់ត្រីចំនួន០១ និងដាវច្នៃចំនួន០១ក្នុងដៃ ហើយបានបង្កការអុកឡុក រករឿងអ្នកជិតខាង ទើបបងប្អូននិងអ្នកភូមិនាំគ្នាចាប់យកមកប្រគល់ជូនសមត្ថកិច្ចតែម្ដង។ ក្រោយការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើប្រាកដមែន ព្រោះខឹងខ្ចីម៉ូតូរបស់បងស្រីខាងលើជិះមិនបាន។

នគរបាលបញ្ជាក់ថា កាលពីពេលកន្លងទៅ ជនសង្ស័យខាងលើធ្លាប់ជាប់ពន្ធនាគារព្រៃសអស់រយៈពេល០៤ឆ្នាំ ពាក់ព័ន្ធករណីហិង្សាដោយចេតនានៅភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីកសាងសំណុំរឿងបញ្ជូនបន្តតាមច្បាប់៕

...

ដោយ៖សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print