គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តក្រុងនៅប្រទេសអាល់ហ្សេរីកាលពីយប់ថ្ងៃពុធបានសម្លាប់កីឡាករ និងគ្រូបង្វឹកមកពីក្លិបMouloudia Club El Bayadh ដែលជំរុញឱ្យសហព័ន្ធបាល់ទាត់ជាតិ (Faf) ពន្យារពេលការប្រកួតទាំងអស់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសនេះបានប្រកាសថា អ្នកចាំទី Zakaria Bouziani អាយុ២៧ឆ្នាំ និងជំនួយការគ្រូបង្វឹក Khalid Muftah បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ។
ក្លិបកំពុងធ្វើដំណើរទៅភាគខាងជើងទៅកាន់ Tizi Ouzou ដើម្បីប្រកួតជាមួយនឹងក្រុម JS Kabylie ក្នុងការប្រកួតលីកមួយកាលពីថ្ងៃសុក្រ នៅពេលដែលរថយន្តក្រុងដឹកក្រុមបានក្រឡាប់នៅជិតទីក្រុង Tiaret ភាគពាយព្យនៃប្រទេសអាល់ហ្សេរី។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
ប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានទទួលព័ត៌មាននៃសោកនាដកម្មនេះជាមួយនឹងការឈឺចាប់ និងទុក្ខសោកជាខ្លាំងដោយផ្តល់ការរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ក្លិបបានប្រកាសនៅលើបណ្តាញសង្គមថា សមាជិកផ្សេងទៀតនៃក្រុមដែលរងរបួសគឺស្ថិតនៅក្នុងស្ថានភាពមានស្ថេរភាព។
សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រយសហព័ន្ធបាល់ទាត់ជាតិ Faf បាននិយាយថា “បន្ទាប់ពីឧបទ្ទវហេតុសោកនាដកម្មដែលបានធ្វើឱ្យក្លិបនិងក្រុមគ្រួសាររបស់ MC El Bayadh កាន់ទុក្ខ សហព័ន្ធកីឡាបាល់ទាត់អាល់ហ្សេរីបានសម្រេចចិត្តផ្អាកព្រឹត្តិការណ៍កីឡាបាល់ទាត់ទាំងអស់ដែលបានគ្រោងទុកនៅចុងសប្តាហ៍នេះ“។
Faf ក៏បានពន្យារពេលការចាប់ឆ្នោតសម្រាប់ការប្រកួតជុំបន្ទាប់នៃពានរង្វាន់ Algerian Cup ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ខែធ្នូ។ បច្ចុប្បន្នក្រុម El Bayadh ឈរនៅលេខរៀងទី៦ក្នុងតារាង Ligue 1 របស់អាល់ហ្សេរីដោយមាន១៥ពិន្ទុពីការប្រកួត១០ប្រកួតនិងគ្រាប់បាល់ចំណេញ១២គ្រាប់នាំមុខក្រុម MC Alger។ រីឯអ្នកចាំទី Zakaria Bouziani ដែលទទួលមរណភាពក្នុងហេតុការណ៍ខាងលើ ធ្លាប់បានបង្ហាញខ្លួនក្នុងលីកចំនួន២លើកក្នុងរដូវកាលនេះ៕ (រូបភាព ៖ BBC Sport)