សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គ្មានអ្វីជាអាថ៌កំបាំង ដូចដែលក្រុមប្រឆាំងលើកឡើយ

ចែករំលែក៖

ខេត្តព្រះសីហនុ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ និងការសាងសង់ចំណតផែកុងតឺន័រទឹកជៅនៅខេត្តព្រះសីហនុ គ្មានអ្វីដែលជាអាថ៌កំបាំងដូចដែលក្រុមប្រឆាំងលើកឡើយ ប៉ុន្តែគឺដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើន និងជួយសម្រួលដល់ជីវភាពរស់នៅឲ្យប្រជាជនកម្ពុជាកាន់តែរីកធូរធារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អញ្ជើញជា អធិបតីក្នុងពិធី “បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវកា រគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា ការពង្រីកសក្តានុពលហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅនៅខេត្តព្រះសីហនុ នឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសកំណើននៅនឹងកន្លែង ដោយបានបង្កើតឱកាសការងារក៏ដូចជាចំណូលបន្ថែមទៅដល់កម្មករ-និយោជក និងបុគ្គលិកកំពង់ផែស្វយ័តជាដើម។ សម្តេចថា នៅពេលដែលកំពង់ផែដំណើរការ វាគឺជាការតភ្ជាប់ដង្ហើមពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រទេស។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ មុខកាត់ផ្នែកខាងក្រោម ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមិត្តជប៉ុនបន្តជួយពិនិត្យលទ្ធផលក្នុងការបន្តជួយអភិវឌ្ឍប្រទសកម្ពុជាលើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន បន្ថែមទៀត។
សម្តេចធិបតី បានស្នើឱ្យមិត្តជប៉ុនបន្តគាំទ្រលើគម្រោងកំណាត់ផ្លូវជាតិលេខ១ ពីភ្នំពេញ ដល់ស្ពានអ្នកលឿង និងគម្រោងសាងសង់ស្ពានឆ្លងកាត់មេគង្គក្តីតាកៃអរិយក្សត្រដែលបច្ចុប្បន្នទីភ្នាក់ងារ JICA បានកំពុងពិនិត្យសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
បន្ថែមពីនេះដោយសារប្រទេសជប៉ុនជឿនលឿនខាងវិស័យហេដ្ឋារចនាសម្ព័ន្ធ សម្តេចធិបតីស្នើឱ្យជប៉ុនជួយសម្របសម្រួលឱ្យមានកម្មវិធីផ្លាស់ប្តូរចំណេះដឹង និងជំនាញ បទពិសោធន៍ និងបច្ចេកវិទ្យាលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីជំរុញឱ្យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើនល្អប្រសើរឡើង។
សម្រាប់កម្ពុជា-ជប៉ុន គឺជាមិត្តដ៏សំខាន់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគត ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print