ខេត្តប៉ៃលិន÷ យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា នៅវេលាម៉ោង១និង១០នាទីយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត១គ្រឿងបើកបរលឿនទៅបុកម៉ូតូនិងមនុស្សស្ថិតនៅលេីផ្លូវជាតិលេខ៥៧ គីឡូម៉ែត្រលេខ៦០ក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីលិចទៅកើត នៅចំណុចរោងចក្រសុីភី ក្ននុងភូមិអូររអិល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សស្លាប់ ០៣នាក់នៅនឹងកន្លែងកើតហេតុ ខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿង និងខូចរថយន្តកម្រិតធ្ងន់០១គ្រឿង។
មន្ត្រីនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តបានបន្តថា÷- រថយន្តបង្កនៅកន្លែងកើតហេតុ តែម្ចាស់រថយន្តចុះមើលកន្លែង
កើតហេតុឃើញមនុស្សដេកដួលលើផ្លូវក៏រត់គេចខ្លួនបាត់ ទុករថយន្តម៉ាក Toyota TUNDRA ពណ៌ប្រផេះ ពាក់ផ្លាកលេខ ព្រះសីហនុ 2A-9081 នៅនឹងកន្លែងកើតហេតុ។
នគរបាលជំនាញបានបន្តទៀតថា÷
ជនរងគ្រោះអ្នកបើកបរម៉ូតូឈ្មោះ ហេង យីហុង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង និង០២នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណ សរុបអ្នកស្លាប់០៣ នាក់ ខូចខាតម៉ូតូឌ្រីមឆ្នាំ2015 ពាក់ផ្លាកលេខ ភ្នំពេញ 1FC-0771 ហើយសាកសពកំពុងស្វែងរកសាច់ញាតិ។
បច្ចុប្បន្នកម្លាំងជំនាញចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវ ចំណែកម៉ូតូនិងរថយន្ត យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ រង់ចាំការដោះស្រាយតាមនីតិវិធី៕