កិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើវិស័យភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ ជាមួយគណៈប្រតិភូជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយគណៈប្រតិភូនៃប្រទេសជប៉ុនដឹកនាំដោយ លោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា លើការងារភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងកំពង់ផែ។ នេះបើយោងតាមការបញ្ជាក់ពីខាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។

អង្គប្រជុំបានជជែកពិភាក្សាដោយផ្តោតសំខាន់លើការងារធំៗចំនួន០២ រួមមាន៖

 (១) ការពង្រីកវិសាលភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយទៅជាកំពង់ផែប្រចាំតំបន់ (The Regional Port) ។

និង (២) គម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន (Cambodia-Japan Special Economic Zone) ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ បង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ងាកមកវិនិយោគនៅកម្ពុជាឱ្យបានច្រើន។

ក្នុងនោះដែរអង្គប្រជុំក៏បានលើកឡើងអំពី ផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ (Comprehensive Intermodal Transport and Logistics Masterplan 2023-2033 – CIT-MP) ដែលសហការរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការជួយគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍សំខាន់ៗ។  ផែនការមេមួយនេះ ត្រូវបានរៀបចំឡើងដោយការធ្វើសំយោគបញ្ចូលគ្នានូវផែនការមេសំខាន់ៗចំនួន០៧ ដើម្បីឱ្យមានលក្ខណៈស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ-អ្នកដំណើរ-សេវា ទាំងក្របខណ្ឌក្នុងប្រទេស ក្នុងតំបន់ និងពិភពលោក ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print