រយៈពេល១១ខែនៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរចិនជិតកន្លះលាននាក់

ចែករំលែក៖

ភ្នំពេញ ៖ បើតាមក្រសួងទេសចរណ៍ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរជនជាតិចិនជិត ៥០ ម៉ឺននាក់ ក្នុងរយៈពេល ១១ ខែ ឆ្នាំ២០២៣ ដែលឈរនៅលំដាប់ទី៣ បន្ទាប់ពីភ្ញៀវទេចរមកពីថៃ និងវៀតណាម។ អ្នកនៅក្នុងវិស័យទេសចរណ៍រំពឹងថា ភ្ញៀវទេសចរចិននឹងកាន់តែច្រើនមកប្រទេសកម្ពុជា តាមរយៈព្រលានយន្តហោះថ្មី សៀមរាប-អង្ករ ដែលត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាកពីខែវិច្ឆិកាកន្លងទៅ។

ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរចិនចំនួន ៤៩៨.២៥០ នាក់ ក្នុងរយៈពេល១១ ខែឆ្នាំ ២០២៣។នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ របាយការណ៍បានបន្តថា ចំនួនភ្ញៀវទេសចរចិននេះមានចំនួន ១០,១ ភាគរយនៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ៤,៩១ លាននាក់មកកាន់ប្រទេសកម្ពុជាចាប់ពីខែមករា ដល់ ខែ វិច្ឆិកា ឆ្នាំ២០២៣។

របាយការណ៍ ខាងលើបានឱ្យដឹងទៀតថា ប្រទេសចិនគឺជាប្រភពទេសចរបរទេសធំជាងគេទី៣ មកទស្សនាព្រះរាជាណាចក្របន្ទាប់ពីប្រទេសថៃ និងវៀតណាម ដែលក្នុងនោះជនជាតិថៃប្រហែល ១,៦៥ លាននាក់ និងវៀតណាមចំនួន ៩២០,០៩៣ នាក់បានធ្វើដំណើរមក កាន់ប្រទេសកម្ពុជាក្នុងអំឡុងពេលនេះ។

លោក ធៀម ធឿន ប្រធានសមាគមមគ្គុទេសក៍ទេស ចរណ៍ភាសាចិន-កម្ពុជា ថ្លែងថា ភ្ញៀវទេសចរចិនហាក់មានសន្ទុះច្រើនមកទស្សនាមកខេត្តសៀមរាបក្នុងមួយរយៈចុងក្រោយនេះ។

លោក ធៀម ធឿន មានប្រសាសន៍ថា ៖ «មួយរយៈនេះ ឃើញថា ភ្ញៀវចិនមានគួរសម្យ មកតាម tours អឺរ៉ុបច្រើន ជាងមកតាម tours ចិន ភ្ញៀវចិនមកភាគច្រើនជាភ្ញៀវរាយ ច្រើនជាងមកតាមក្រុមហ៊ុន អីចឹងវាមានតាម tours អឹរ៉ុបខ្លះ វាមានចិនដែរ។ ខ្ញុំឃើញថា ឥឡូវ ហ្នឹងយន្តហោះវា ហោះត្រង់ពីចិនមកដល់សៀមរាប វាតិច មានដែរតែវាមិនទាន់ច្រើន បើវាហោះពីប្រទេសចិនមកប្រទេសជិតខាងហើយ បានហោះមកខ្មែរ ហ្នឹងវាមានចិនខ្លះដែរ។នេះតាមខ្ញុំឃើញជាក់ស្តែងថ្មីៗនេះ ព្រោះខ្ញុំមួយរយៈក៏អត់បាននាំភ្ញៀវអ្វីដែរ តែសមាជិករបស់ខ្ញុំមានច្រើនគួរសម្យ»។

លោក តុប សុភ័ក្ត្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ប្រាប់សារព័ត៌មានចិន Xinhua ថា កម្ពុជាចង់ឃើញភ្ញៀវចិនមកកម្សាន្តកាន់តែច្រើនទៀត។ លោកមានប្រសាសន៍ថា៖ «យើងចង់បានភ្ញៀវទេសចរចិនកាន់តែច្រើន ដោយសារពួកគេបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍របស់យើង ក៏ដូចជា ការកាត់បន្ថយភាពក្រីក្រ»។

លោកមានប្រសាសន៍ដោយជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគដោយចិន ដែលបានបើកដំណើរការពាណិជ្ជកម្មជាផ្លូវការកាលពីខែមុន នឹងទាក់ទាញអ្នកធ្វើដំណើរអន្តរជាតិមកកម្ពុជាកាន់តែច្រើន។

លោកមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា វានឹងទាក់ ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីៗ ដូច្នេះ ពួកគេនឹងនាំភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនមកកម្ពុជា ជា ពិសេសទៅកាន់ខេត្តសៀមរាប ដែលជាទឹកដីនៃឧទ្យានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញ»។

...

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បន្ថែមលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងការនាំចេញទំនិញធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print