ឪពុកចុងរំលោភកូនស្រីជាអនីតិជនបានបីដងបែកការណ៍ដល់ម្តាយប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តក្រចេះ៖  ករណីឪពុកចុងបានចាប់រំលោភកូនដើមជាអនីតិជនក្រោយបែកការណ៍ហើយក៏បានគេចខ្លួនទៅសំងំក្នុងព្រៃក្រោយភូមិ តែត្រូវសមត្ថកិច្ចស្រាវជ្រាវរកចាប់ខ្លួនបានតែម្តង។

តាមប្រភពបានឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភកូនចុងជាអនីតិជននៅក្នុងផ្ទះតាំងពីវេលាម៉ោង២១:០០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នៅលើគ្រែក្រោមផ្ទះស្ថិតក្នុងភូមិកំបោរ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រភពបន្តថា នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះបានប្រាប់រឿងនេះឱ្យម្ដាយបានដឹង ហើយម្ដាយរបស់នាងក៏ប្រាប់ទៅឈ្មោះឈូក សៀន ត្រូវជាជីដូនរបស់ជនរងគ្រោះ។

ក្រោយពីបែកការណ៍គេដឹងរឿងខ្លួនអស់ហើយជនសង្ស័យឈ្មោះហ៊ាង ហេង ក៏បានរត់គេចចេញពីផ្ទះបាត់ទៅដែរ។

លុះមកដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឈ្មោះ ឈូក សៀន ត្រូវជាជីដូនរបស់ជនរងគ្រោះបានមកដាក់ពាក្យប្តឹងនិងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលខេត្តក្រចេះ។ 

ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ និងបញ្ជាពីឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានចាត់កម្លាំងជំនាញនៃអធិការដ្ឋានស្រុកចិត្របុរីដឹកនាំដោយលោក ប៊ុត នឿន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំគោលាប់ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ទើបនាំខ្លួនជនសង្ស័យបានតែម្តង។

ជនសង្ស័យឈ្មោះ ហ៊ាង ហេងដែលសម្ងំលាក់ខ្លួននៅក្នុងព្រៃក្រោយភូមិ ពេលយកមកសាកសួរបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពទៅលើជនរងគ្រោះប្រាកដមែន។

តាមការបញ្ជាក់ឱ្យដឹងថា ក្មេងស្រីរងគ្រោះជាសិស្សសាលាអាយុទើបតែអាយុ១២ឆ្នាំប៉ុណ្ណោះ ឪពុកម្តាយបានលែងលះគ្នា ហើយម្តាយក៏បានយកប្តីក្រោយម្នាក់ទៀត រួចក៏បានមករស់នៅក្នុងផ្ទះជាមួយគ្នា។

រឿងហេតុដែលជនបង្កមានឱកាសឈានដល់ការចាប់រំលោភនោះគឺក្មេងស្រីនោះកំពុងហូបបាយនៅលើគ្រែខាងក្រោមផ្ទះតែម្នាក់ឯង ឈ្មោះ ហ៊ាង ហេង ជាឪពុកចុងបានធ្វើសកម្មភាពចាប់រំលោភបានសម្រេចម្តងទៀត សរុបទៅចំនួន៣លើកជាបន្តបន្ទាប់រួចមកហើយ។

បន្ទាប់មកជនបង្កបានគំរាមសម្លាប់ជនរងគ្រោះទៀតផងបើរឿងនេះដឹងដល់ម្ដាយ។  

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តនីតិវិធីច្បាប់៕ដោយ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print