ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ប្រទេសកម្ពុជាឈានចូលក្នុងរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀតដែលត្រូវកត់ត្រាទុកក្នុងក្រាំងមាសរបស់ខ្លួននោះគឺសន្តិភាពពេញលេញទូទាំងប្រទេសដែលជាទ្រព្យព្រេងទ្រព្យសំណាងដ៏កម្រនិងមានតម្លៃបំផុតត្រូវបានរកឃើញដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈនយោបាយឈ្នះ=ឈ្នះដោយគ្មានការបង្ហូរឈាមសូម្បីមួយតំណក់។
នយោបាយឈ្នះ=ឈ្នះមានគន្លឹះសំខាន់៣យ៉ាងដែលជាស្នូលនៃដំណោះស្រាយនោះគឺ៖ ការធានាអាយុជីវិតនិងរាងកាយ ការធានាអាជីពនិងមុខរបរ និងការធានាទ្រព្យសម្បត្តិនិងកម្មសិទ្ធិឯកជន។ រូបមន្តដ៏ស័ក្តិសិទ្ធិនេះផ្សំឡើងដោយស្នាដៃសម្តេចតេជោ ហ៊ុន សែន។
សន្តិភាពបានប្រែក្លាយតំបន់អតីតសមរភូមិទៅជាទីផ្សារនិងតំបន់អភិវឌ្ឍន៍ ប្រែក្លាយចម្ការមីនទៅជាចម្ការដំណាំ និងប្រែក្លាយការបែកបាក់ជាតិទៅជាការរួបរួមខ្មែរតែមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ សន្តិភាពបានក្លាយជាចលករជំរុញល្បឿននៃការអភិវឌ្ឍឱ្យដើរលឿនស្លេវទៅមុខ។ សមិទ្ធផលទាំងឡាយដែលលេចឡើងចំពោះមុខយើងទាំងអស់សុទ្ធសឹងជាផ្លែផ្កានៃសុខសន្តិភាពដែលជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាពរបស់កម្ពុជា។
រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានាថែរក្សាការពារសមិទ្ធផលទាំងអស់ឱ្យបានគង់វង្ស ស្ថិតស្ថេរ ចីរកាល និងបន្តអភិវឌ្ឍន៍ប្រទេសនៅលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាសសរស្តម្ភពីរដែលនាំកម្ពុជានិងប្រជាពលរដ្ឋខ្មែរទៅរកភាពរុងរឿង សម្បូរសប្បាយ ប្រកបដោយកិត្យានុភាព និងមោទកភាពជាតិខ្មែរ៕ ដោយ ៖ សិលា