ខេត្ដសៀមរាប៖ ម៉ាស៊ីនត្រជាក់ចាស់ៗជាច្រើន និងផ្ទះឈើមួយខ្នងដែលនៅក្បែរនោះត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រលឹម ខណៈដែលម្ចាស់ផ្ទះមិននៅ បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិតាវៀន ទាំងព្រឹកព្រលឹម ។
ហេតុការណ៍អគ្គិភ័យនោះកើតឡើងនៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប ។
បើតាមការឱ្យដឹងពីលោក វរសេនីយ៍ឯក មាស សាង នាយការិយាល័យនគរបាលបង្កាពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យចូលមិនរួច ដោយសារផ្លូវវាតូចចង្អៀត ដូច្នេះមានតែឱ្យកម្លាំងទាំងអស់ជួយនាំគ្នាទាញទុយោទឹក ដើម្បីជួយបាញ់ពន្លត់ប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា ម្ចាស់ផ្ទះទាំង២គ្រួសារ មានឈ្មោះ ម៉េង ស៊ាង អាយុ៣៤ឆ្នាំ មានមុខរបរជាងជួសជុលម៉ាស៊ីនត្រជាក់ និងម្នាក់ទៀតឈ្មោះ សៀវ កាំង អាយុ៥២ឆ្នាំ មុខរបរជាងឈើ អ្នកទាំង២នាក់ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោក បានបញ្ជាក់បន្ថែមទៀតថា មូលហេតុមុនដំបូង គឺផ្ទះដែលឆេះនេះ មានដោតព្រីភ្លើងទុកចោល ហើយនៅក្នុងនោះមានស្តុកទុកនូវគ្រឿងម៉ាស៊ីនត្រជាក់ចាស់ៗជាច្រើនគ្រឿង ហើយពួកគេមិនបាននៅផ្ទះទៀតផង ទើបបណ្តាលឱ្យឆ្លងចរន្តឆេះហ្មត់ រហូតរាលដាលទៅឆេះផ្ទះឈើអស់មួយខ្នងទៀតផង។ ផ្ទះស្តុកគ្រឿងម៉ាស៊ីនត្រជាក់នោះ មានទំហំ ៤ម៉ែត្រx៨ម៉ែត្រ ធ្វើអំពីថ្មក្រោម ប្រក់សង្ក័សី (ខូចខាតអស់ទ្រព្យសម្បត្តិអស់ចំនួនប្រមាណជា១៥០០០ដុល្លា)។ ចំណែកផ្ទះឈើ មានទំហំ ៤ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីថ្មក្រោម ឈើលើ ប្រក់សង្ក័សី (ខូចខាតគិតជាទឹកប្រាក់អស់ប្រមាណជា២០០០០ដុល្លា)។ លោក បានឱ្យដឹងទៀតថា រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តដែលបានមកជួយពន្លត់នេះមានចំនួន៤គ្រឿង ហើយបាញ់ទឹកអស់ទាំង៤គ្រឿង ទើបអាចទប់ស្កាត់ស្ថានភាពមិនឱ្យឆ្លងទៅផ្ទះផ្សេងទៀតបាន នៅវេលាម៉ោងជាង៨ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចពន្លត់អគ្គិភ័យបានត្អូញត្អែរថា ពួកគេមានការពិបាកនៅក្នុងការចូលជួយសង្រ្គោះផ្ទះដែលឆាបឆេះនេះខ្លាំងមែនទែន ដោយសារតែស្ថានភាពផ្លូវមានសភាពតូចចង្អៀត ទើបរថយន្តពន្លត់អគ្គិភ័យមិនអាចចូលរួច។
ហើយពួកគាត់សូមសំណូមពរឱ្យប្រជាពលរដ្ឋមេត្តាជួយពង្រីកផ្លូវចូលផ្ទះនីមួយៗឱ្យបានធំផង កុំបាច់នាំគ្នាយកផ្លូវធ្វើជារបងផ្ទះទេ។ ជាក់ស្តែងដូចឆេះផ្ទះថ្ងៃនេះ ឡានទឹកចូលជួយមិនបាន ដោយសារហេតុអ្វី?៕
ដោយ៖ ជានិរន្ដរ៍