ឧបនាយករដ្ឋមន្ដ្រី ស សុខា កំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍ និងកំណត់ចំនួននាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសកំណត់អាណត្តិរបស់នាយ និងនាយរងប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិ និងច្រកទ្វារអន្ដរជាតិ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

ក្នុងប្រកាសដែលមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានកំណត់យ៉ាងដូច្នេះថា៖

-នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល ៤(បួន)ឆ្នាំ

-នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ ដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី ឬតែងតាំង ជានាយ ឬនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារផ្សេងទៀត សម្រាប់អាណត្តិបន្ទាប់។

ប្រកាសដដែលបញ្ជាក់ទៀតថា ចំនួនមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ដែលលើសពីការ កំណត់ដូចមានចែងក្នុងប្រការ២ខាងលើ ត្រូវរក្សាទុកនៅដដែល។

ក្នុងករណីមុខតំណែងនេះនៅទំនេរដោយ មូលហេតុចូលនិវត្តន៍ ឬផ្ទេរចេញ ឬមូលហេតុផ្សេងទៀត នោះមិនត្រូវបានបំពេញបន្ថែមឡើយ ដោយរក្សាទុក រហូតដល់មានចំនួនស្ថិតនៅក្រោមការកំណត់ដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ។
ប្រកាសលេខ៣៥០៧ ប្រ.ក ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកំណត់អាណត្តិបម្រើការងាររបស់ នាយរងប៉ុស្តិ៍ តាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិនានា ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងបទប្បញ្ញត្តិទាំង ឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍និងជំនួសដោយប្រកាសនេះ។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការនៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ និងប្រធានអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រូវអនុវត្ត ប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print