ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការសកម្មភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលក្រសួងកិច្ចការនារី ត្រូវអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា ដែលដឹកនាំដោយ លោកស្រី ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) នៅសាលសន្និសីទបាយ័ន។
លោកស្រី ឡោក ខេង បានបញ្ជាក់ជូនក្រសួងកិច្ចការនារីថា កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណងសំខាន់គឺដើម្បីឈ្វេងយល់នូវវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៨ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព ៕