ភ្នំពេញ ៖ អនុក្រឹត្យនេះមានគោលបំណងកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។
អនុក្រឹត្យនេះមានគោលដៅកំណត់ការដំឡើងតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាននិងកាលបរិច្ឆេទ នៃការអនុវត្តតម្លៃឯកតានេះ។
អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះមន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជាកំពុងបម្រើការងារ ស្ថិតក្រោម៖
– ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
– ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ
– ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា
– ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
– ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកក្របខណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ
– ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ
-ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត។
កែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន ២៥០០ (ពីរពាន់ប្រាំរយ) រៀល ទៅចំនួន ២៦៣០ (ពីរពាន់ប្រាំមួយរយសាមសិប) រៀល ក្នុងមួយសន្ទស្សន៍។
តម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាននេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។
អនុក្រឹត្យលេខ១៩២ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍ បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទុកជានិរាករណ៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ តទៅ។
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕