ភ្នំពេញ÷ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លើកទឹកចិត្តនាយ ទាហានជំនាញគ្រប់កងឯកភាពក្នុងកងយោធពលខេមរ ភូមិន្ទ បន្តយកចិត្តទុកដាក់ប្រតិបត្តិនូវតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរ បង្កើតនូវសមិទ្ធផល ស្នាដៃថ្មីៗថែម ទៀត ជាមួយនឹងការពង្រឹងពង្រីកសមត្ថភាពគ្រប់ផ្នែក គ្រប់វិស័យប្រកបដោយវីរភាពអង់អាចក្លាហាន ដើម្បីបុព្វហេតុ ឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី សុខសន្តិភាព ការអភិវឌ្ឍជូនសង្គមជាតិ និងមាតុភូមិ។
ការលើកទឹកចិត្តបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារភស្តុភារ ហិរញ្ញវត្ថុ ឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៤ របស់អគ្គនាយកដា្ឋន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារ ជាតិ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សូមសម្តែងនូវការកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ប្រធានស្ថាប័ន មេបញ្ជាការគ្រប់លំដាប់ ថ្នាក់ទាំងអស់ ដែលបានយកអស់កម្លាំងប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវរហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនលើការងារភស្តុភារ ហិរញ្ញវត្ថុ នៅក្នុងកងយោធពលខេមរភូមិន្ទ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សូមអរគុណឧត្តម សេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ដែលបានរាយការណ៍គ្រប់ជ្រុង ជ្រោយរំលេចនូវភារកិច្ចទាំង៥ របស់ខ្លួនមានជាអាទិ៍ទី១៖ ការងារហិរញ្ញវត្ថុ ទី២៖ ការងារផ្គត់ផ្គង់ ទី៣៖ ការងារធានាប្រេងឥន្ធនៈ ទី៤៖ ការងារដឹកជញ្ជូន និងទី៥៖ ការងារសុខាភិបាល និងមន្ទីរពេទ្យ ព្រមទាំងការងារផ្សេងៗទៀត បានរួមចំណែកយ៉ាងសំខាន់នូវភារកិច្ចកងយោធពលខេមរភូមិន្ទ ក្នុងការធានាការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្សស្ថិតស្ថេរគ្រប់កាលៈទេសៈ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានឱ្យដឹងថា រយៈពេលពេញ១ឆ្នាំ ២០២៣ សភាពការណ៍សន្តិសុខ សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក នៅតែបន្តវិវត្តន៍ប្រែប្រួល ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ដោយបង្កើតឱ្យមានបញ្ហាប្រឈមជាច្រើន រួមជាមួយការបន្តកើតឡើងនូវអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មានទំនើប ជំងឺរាតត្បាត គ្រោះធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ទោះបីមានផលប៉ះពាល់បណ្តាលមកពីបញ្ហាប្រឈមយ៉ាងស្មុគស្មាញខាងលើ ក៏ប៉ុន្តែ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការ ពារជាតិ បានរួមសហការជាមួយនាយទាហានជំនាញ និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងកងយោធពលខេមរ ភូមិន្ទ ខិតខំសម្រេចជោគជ័យនូវបេសកកម្មរបស់ខ្លួនជាមួយនឹងសមិទ្ធផល និងស្នាដៃជាច្រើនបានរួម ចំណែកយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយបានយ៉ាងល្អប្រសើរ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បញ្ជាក់ថា សមិទ្ធផល ដែលគ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទសម្រេចបាននៅឆ្នាំ២០២៣កន្លងទៅ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងការចាប់ផ្តើមអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់វិស័យការពារជាតិកាន់តែរីកចម្រើនថែមទៀត។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា លើកឡើងថា ឆ្នាំ២០២៤នេះ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយទស្សនវិស័យច្បាស់លាស់ និងវែងឆ្ងាយ នាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្ពោះទៅរកកម្រិតស្តង់ដារអន្តរ-ជាតិ តាមរយៈការកែទម្រង់ ការគ្រប់គ្រងចំណូលថវិកាជាតិ និងបង្កើនប្រសិទ្ធភាពចំណាយការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការរៀបចំក្របខណ្ឌថវិកាជាក់លាក់ទៅនឹងការពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាគ្រប់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ការអនុវត្តថវិកាកម្មវិធី និងការឈានទៅពង្រឹងការអនុវត្តថវិកាផ្អែកលើសមិទ្ធកម្ម៕