កូរ៉េខាងត្បូងព្រមានតបតក្រោយកូរ៉េខាងជើងបាញ់កាំភ្លើងធំជាង ២០០គ្រាប់

ចែករំលែក៖

ក្នុងពេលដែលកូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធបាញ់គ្រាប់ពិត កូរ៉េខាងជើងក៏មានសកម្មភាពតបតវិញ ដោយបាញ់កាំភ្លើងធំរាប់រយគ្រាប់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា នាថ្ងៃសុក្រនេះ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំសរុបជាង២០០គ្រាប់ ចូលទៅក្នុងផ្ទៃសមុទ្រនៅភាគខាងលិចប្រទេសរបស់ខ្លួន ក្បែរតំបន់ព្រំដែនសមុទ្រជាមួយកូរ៉េខាងត្បូង ខណៈប្រជាជននៅកោះចំនួន២របស់កូរ៉េខាងត្បូងត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាព។
មន្រ្តីកោះ Yeonpyeong ដែលស្ថិតនៅខាងត្បូងខ្សែបន្ទាត់ព្រំដែនសមុទ្រឧបទ្វីបកូរ៉េ Northern Limit Line ឬ NLL បានប្រាប់ថា សេចក្តីបង្គាប់ឱ្យជម្លៀសប្រជាជននៅទីនោះ ត្រូវបានធ្វើឡើងក្រោមសំណើរបស់យោធាកូរ៉េខាងត្បូង។ ចំណែកឯអ្នកស្រុកលើកោះមួយទៀតគឺ Baengnyeong ដែលនៅក្បែរព្រំដែនសមុទ្រដូចគ្នានោះ ក៏ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួនរកកន្លែងសុវត្ថិភាពផងដែរ។
យោធាកូរ៉េខាងត្បូង បាននិយាយថា ការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង គឺជាសកម្មភាពបង្កហេតុ ដែលបង្កើនភាពតានតឹងនិងគំរាមកំហែងសន្តិភាពនៃតំបន់ឧបទ្វីបកូរ៉េ។ យ៉ាងណាមិញ ការបាញ់សព្វាវុធនោះមិនបានបង្កឱ្យមានការខូចខាតផ្នែកស៉ីវិល ឬយោធានៅកូរ៉េខាងត្បូងឡើយ។ ជាមួយគ្នានេះ យោធាកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាត់វិធានការឆ្លើយតបសមស្របទៅវិញ។
កាលពីឆ្នាំ២០១០ កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាច្រើនគ្រាប់សំដៅមកលើកោះ Yeonpyeong បណ្តាលឱ្យមនុស្ស៤នាក់ស្លាប់ ក្នុងនោះរួមមានជនស៉ីវិល២នាក់។ វាគឺជាការវាយប្រហារធ្ងន់បំផុតមួយរបស់ទីក្រុងព្យុងយ៉ាងមកលើប្រទេសកូរ៉េខាងត្បូង គិតចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់ទៅ ក្រោមបទឈប់បាញ់កាលពីឆ្នាំ១៩៥៣។ នាពេលនោះ ទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនត្រូវបានបង្ខំធ្វើការវាយប្រហារយ៉ាងដូច្នោះ ដោយសារការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូងដែលបានធ្លាក់គ្រាប់ចូលទៅក្នុងដែនទឹកអធិបតេយ្យរបស់កូរ៉េខាងជើង៕ ដោយធីរីណា

...

រូប​ថត​:TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print