ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ៥នាក់រួមទាំងវត្ថុតាងត្រូវកំលាំងអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តទី៥ ខែមករា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថា កាលពីវេលាម៉ោង០៩និង៥០នាទីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការស្រាវជ្រាវ និងឃាត់ជនសង្ស័យចំនួន០៥នាក់ ករណីហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ នៅចំណុចសាំបុរី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ការឃាត់ខ្លួនករណីខាងលើធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៤នាក់ ១-ឈ្មោះ វ៉ាន់ គឹមអៀង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។២-ឈ្មោះ គឹម រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅបច្ចុប្បន្ន ភូមិ ប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៣-ឈ្មោះ មួន ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅបច្ចុប្បន្ន ភូមិ ព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។៤-ឈ្មោះ ផាន សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង៥នាក់ ១-ឈ្មោះ លី ពៅ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ បច្ចុប្បន្នរស់នៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ២-ឈ្មោះ សោ ភារិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។៣-ឈ្មោះ សោ ភារៈ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី បច្ចុប្បន្នរស់នៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ៤.ឈ្មោះ សោ ភារ៉ូន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រត់ម៉ូតូកង់បី បច្ចុប្បន្នរស់នៅ ភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ៥.ឈ្មោះ សោ ភារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រត់ម៉ូតូកង់បី បច្ចុប្បន្នរស់នៅ ភូមិផ្សារកណ្តាល សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ចំពោះវត្ថុតាងចាប់យករួមមាន៖ ១-កាំបិតកែច្នៃ ប្រវែង៦០សង់ទីម៉ែត្រ ចំនួន០១ដើម, ២-ដំបងទីបដែក ប្រវែង៧០សង់ទីម៉ែត្រ ចំនួន០១ដើម, ៣-ម៉ូតូកង់ចំនួន៤គ្រឿង, ៤-រថយន្តម៉ាក LEXUS ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ 2U-8866 ចំនួន០១គ្រឿង។ ៥-ទូរសព្ទម៉ាកអាយហ្វូន១៣ ប្រមិច ពណ៌ខ្មៅ ចំនួន០១គ្រឿង,៦-ទូរសព្ទម៉ាក Infinix ពណ៌ស ចំនួន០១គ្រឿង, ៧-ទូរសព្ទម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង,៨-ទូរសព្ទម៉ាកអាយហ្វូន៦ ពណ៌ខ្មៅ ចំនួន០១គ្រឿង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា តាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ផាន សុខហេង ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ បានរៀបរាប់ថា កាលពីវេលាម៉ោង២០ និង៣០នាទីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ប្អូនប្រុសរបស់ខ្លួនឈ្មោះ ផាន សុខជា បានទូរសព្ទមកប្រាប់រូបខ្លួនថា មានក្រុមរត់កង់បីថ្មីមានគ្នាប្រហែល០៤នាក់បានមករត់នៅបេនរបស់គេ លឺដូចនោះរូបខ្លួនបានខលទៅឪពុករបស់ខ្លួនឱ្យមកមើលព្រោះគាត់ជាចាស់ទុំ ហើយឪពុកនិងរូបខ្លួន បានទៅដល់បេនរត់កង់បីរបស់ប្អូនប្រុស និងឃើញមានគ្នីគ្នាប្អូននៅជាមួយគ្នាដែរ និងបានប្រាប់ទៅក្រុមរត់កង់បីថ្មីនោះថា មិនឱ្យរត់នៅទីនោះទេ តែក្រុមអ្នករត់កង់បីថ្មីនោះមិនព្រមស្តាប់ ហើយនាំគ្នាខលហៅមេរបស់ខ្លួនឈ្មោះ ពៅ រហូតដល់ម៉ោង២២និង០០នាទី ឈ្មោះពៅ បានមកដល់និងបាននិយាយថា អាណាកាងនៅទីនេះ ចាប់វាយខ្នោះ អញមេនៅទីនេះ ស្រាប់តែនាំគ្នាព្រួតវាយមកលើរូបខ្លួន និងប្អូន ហេីយពួកខ្លួនបានវាយតបទៅវិញដេីម្បីការពារខ្លួន តែភាគីបង្កមានកាំបិតនិងដំបងដែក បានកាប់និងវាយមកលើរូបខ្លួន និងប្អូនប្រុស រួមទាំងបក្ខពួកអ្នករត់បង់បីដែលនៅទីនោះ បណ្តាលឱ្យប្អូនប្រុសខ្លួនរងរបួសចំក្បាលសន្លប់ និងអ្នកផ្សេងរបួសច្រើននាក់ទៀត បានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់ស្រមោល។
លោកបន្តថា ជនរងគ្រោះ ១.ឈ្មោះ អៀង គឹមលី រងរបួសកដៃទាំងសងខាងធ្ងន់, ២.ឈ្មោះ ផាន សុខហេង រងរបួសត្រូវ០១ដំបង បណ្តាលឱ្យរងរបួសជាំកដៃខាងស្តាំ ,៣ឈ្មោះ ផាន សុខជា ភេទប្រុស អាយុ២៣ឆ្នាំ រងបួសក្បាលធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ពុំទាន់ដឹងខ្លួន។៤-ឈ្មោះ គឹម រតនា រងរបួសបែកក្បាលចំនួន០៥ផ្ទេរ និងរបួសខ្នង ចំនួន០២ផ្ទេរ ។ ៥-ឈ្មោះ មួន ដារ៉ា (គុយ) រងរបួសត្រូវ០១កាំបិតចំក្បាលរបួសធ្ងន់។
ជនសង្ស័យទាំង៥នាក់ ក្រោយសួរនាំរួច កម្លាំងជំនាញមូលដ្ឋានកងរាជងាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូញមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត។
លោវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានប្រាប់ថា ការបង្រ្កាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានកាសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើតវណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕