មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធឃាត់ខ្លួនបុគ្គលដែលជិះម៉ូតូនាំមុខឡានពេទ្យ ព្រោះមិនមែនជាការអនុញ្ញាតពីមន្ទីរសុខាភិបាលឡើយ

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធក្រុមជិះម៉ូតូនាំមុខឡានពេទ្យ ដែលជាសកម្មភាពអវិជ្ជមាន បង្កភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ ប៉ះពាល់ដល់ការសង្គ្រោះ និងភាពភ័ន្តច្រឡំមកលើមន្ទីរសុខាភិបាល ដូច្នេះហើយទើបមន្ទីរសុខាភិបាលរាជធានីភ្នំពេញស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធឃាត់ខ្លួនបុគ្គលដែលជិះម៉ូតូនាំមុខឡានពេទ្យទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ចំពោះសកម្មភាពខុសច្បាប់ដែលមនុស្សមួយចំនួនតូចនេះបានបង្កនោះ គឺពួកគេបានប្រើប្រាស់ម៉ូតូផ្ទាល់ខ្លួន ដោយមានការតុបតែងភ្លើងសញ្ញា ការបិតស្លាកសម្គាល់តាំងខ្លួនជាភ្នាក់ងារសង្គ្រោះ និងធ្វើសកម្មភាពសង្គ្រោះបឋម ផ្សេងៗ នៅពេលដែលខ្លួនគ្មានវិជ្ជាជីវៈពិតប្រាកដ និងគ្មានការអនុញ្ញាតពីមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន ឬក្រសួង-ស្ថាប័នពាក់ព័ន្ធ។

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនដល់សាធារណៈជនទាំងអស់អំពីផលវិបាក នៃ សកម្មភាពខុសច្បាប់ខាងលើនេះ បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ និងអាចធ្វើឱ្យជនរងគ្រោះកាន់តែ មានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត ដោយសារសកម្មភាពសង្គ្រោះរបស់បុគ្គលមួយចំនួនតូចនេះគ្មានវិជ្ជាជីវៈ វេជ្ជសាស្ត្រត្រឹមត្រូវ។

ដើម្បីលុបបំបាត់នូវសកម្មភាពអវិជ្ជមានដូចបានជម្រាបជូនខាងលើ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សូមស្នើបុគ្គលដែលប្រព្រឹត្តសកម្មភាពល្មើស ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់។ ទន្ទឹមនឹងនេះ មន្ទីរ សុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ សូមធ្វើការឃាត់ខ្លួនបុគ្គលខាងលើនេះ ដើម្បី ចាត់វិធានការតាមផ្លូវច្បាប់។

ទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា មនុស្ស មួយចំនួនតូចនេះនឹងចូលរួមសហការបញ្ឈប់សកម្មភាពល្មើស ហើយសូមអំពាវនាវដល់អាណាព្យាបាល និងអ្នកពាក់ព័ន្ធ បន្តអប់រំកុំឱ្យប្រព្រឹត្តសកម្មភាពខុសច្បាប់នេះបន្តទៀត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print