យុវជនចរិកស្រី និងយុវតី៤នាក់ទៀត ជាក្រុមក្មេងទំនើងប្រើហិង្សាលើយុវតីរងគ្រោះ ម្នាក់ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ យុវជនចរិកស្រី រួមជាមួយបក្ខពួកសរុបចំនួន៤នាក់ទៀត ត្រូវបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីរួមដៃគ្នាប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ នេះបើតាមការឲ្យដឹងពី លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» តាមទូរស័ព្ទ ។

សូមជម្រាបថា ជនដៃដល់ដែលជាភេទទី៣ និងបក្ខពួក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចរង្វង់មូលវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីនេះប្រើប្រាស់អំពើហិង្សាលើក្មេងស្រីសិស្សសាលាម្នាក់។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំងអស់នោះ មានទាំងអ្នកដៃដល់ អ្នកថតវីដេអូ និងអ្នកផ្សំគំនិតដើម្បីធ្វើសកម្មភាព។

កាលពីល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤កន្លងទៅ មានផ្ទុះនូវការចែកចាយវីដេអូមួយនៅតាមបណ្ដាញសង្គម ដោយបង្ហាញអំពីសកម្មភាពក្មេងសិស្សសាលាមួយក្រុម (យុវជនចរិកស្រីម្នាក់ ស្រី៣នាក់ និងម្នាក់ទៀតជាអ្នកផ្តល់មធ្យោបាយអោយជនដៃដល់ គឺដឹកជនរងគ្រោះ អោយគេប្រើហិង្សាលើជនរងគ្រោះ) បានព្រួតវាយសិស្សស្រីម្នាក់ នៅដីវាលមួយកន្លែង តែគេសង្ស័យថា ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិសាស្ដ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនោះ ឃើញថាបុគ្គលភេទទី៣ម្នាក់ និងបក្ខពួក បានប្រើប្រាស់អំពើហិង្សាទៅលើក្មេងស្រីវ័យជំទង់ម្នាក់ទៀត ដែលជាគូទំនាស់ ខណៈដើមចមនៃរឿងរ៉ាវនេះមិនទាន់ដឹងថា ផ្ដើមចេញពីរឿងអ្វីនោះទេ។ តែត្រង់ចំណុចមួយនោះ យុវជនចរិកស្រី បាននិយាយថា គេជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនចាក់អង្រែ។
សូមបញ្ជាក់ថា៖ តាមរយះបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក មានការសំណូមពរអោយសមត្ថកិច្ច ចាត់វិធានការក្រុមក្មេងទំនើងទាំងនេះ បន្ទាប់ពីអំពើឃោឃៅ ចេះតែបន្តកើតមាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print