ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ផ្ទុកអ្នកដំណើរបម្រុះជាតិសាសន៍ ៩៧៧នាក់ ចូល ចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច នៅខេត្ដព្រះសីហនុ រយៈពេល ១ថ្ងៃ ហើយចេញដំណើរបន្ដទៅប្រទេសវៀតណាម នៅ យប់ថ្ងៃដដែលនេះ។
បើតាមនាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា បន្ទាប់ ពី វិបត្ដិ ជំងឺ កូវីដ-១៩ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ផ្ទុកអ្នកដំណើររាប់រយ រាប់ពាន់នាក់ ចូលចតជាបន្ដបន្ទាប់នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ច ក្នុងខេត្ដព្រះសីហនុ និងក្នុងព្រះរាជាណាចក្រកម្ពុជា។ នាវាដែលចូលចតថ្ងៃនេះ មានឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS បានធ្វើដំណើរមកពីប្រទេសថៃ ដែលមាន ផ្ទុកអ្នកដំណើរចម្រុះ ជាតិសាសន៍សរុបចំនួន ៩៧៧នាក់ ក្នុងនោះមាននាវិកសរុបចំនូន ៤២៥នាក់ ជាតិសាសន៍ដែលច្រើនជាងគេបង្អស់ គឺសញ្ជាតិអាមេរិក នាវានេះនឹងចាកចេញ ពីកំពង់ផែស្វយ័តអន្ដរជាតិ ក្រុងព្រះសីហនុបន្ដដំណើរទេសចរណ៍ទៅកាន់ប្រទេសវៀតណាម នៅយប់ថ្ងៃនេះ ដដែល។
នាយនគរបាលអន្តោប្រវេសន៍បានបន្ដថា ៖ ការចូលចតនាវាទេសចណ៍បានផ្ដល់ឱកាស ឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ បាន ទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ។ ទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចពិភពលោកបានដំណើរការឡើងវិញ ក្រោមដំបូលសុខសន្ដិភាព នៅព្រះរាជាណាចក្រកម្ពុជា នឹងអាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វផ្សាយពីខេត្ដព្រះសីហនុ ក៏ដូចជា ប្រទេស កម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថប្រយោជន៍មួយចំនួន ដល់ ប្រជា ពលរដ្ឋ ខេត្ដ ព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។
សូមរម្លឹកថា ៖ នាវា Westerdam បាននាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ។
នាវា Westerdam បាននាំយកភ្ញៀវទេសចរជិត៤០០០នាក់មកកម្ពុជានៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ហើយមានអ្នកទេសចរចំរុះជាតិសាសន៍រហូតដល់ទៅជិត៤០០០នាក់ មកតាមនាវានេះដើម្បីទស្សនាប្រទេសកម្ពុជា។
សូមជម្រាបថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចជានាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតដោយមិនអល់អែកឱ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ បន្ទាប់ពីប្រទេសចំនួន៤ និងកោះចំនួន ២មិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលលើលម្ហមហាសាគរអស់រយៈពេល១២ថ្ងៃ ព្រោះតែការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ១៩។
បន្ទាប់ពីអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានអញ្ជើញទៅទទួលភ្ញៀវទេសចរចុះនាវាដោយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិ ជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង។ អ្នកទេសចរនៅលើនាវានេះបានរីករាយរហូតខ្លះទៀតស្រក់ទឹកភ្នែក ជាមួយនឹងការរំភើបដឹងគុណដល់សម្តេច ហ៊ុន សែន ដែលអនុញ្ញាតឲ្យនាវានេះបានចូលចតក្នុងប្រទេសកម្ពុជា និងសម្រួលដំណើរបន្តតាមជើងយន្តហោះ បានទៅកាន់ប្រទេសរៀងៗខ្លួន។
ការអនុញ្ញាតឱ្យនាវា Westerdam ដែលមានអ្នកទេសចរ ១,៤៥៥នាក់ និងសហនាវិក ៨០២នាក់ទៀតចូលចតនេះ សម្ដេចតេជោ ទទួលការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់បំផុតពីអ្នកដំណើរនៅលើនាវា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ព្រមទាំងបណ្តាប្រទេស ដែលមានជនជាតិខ្លួននៅលើនាវា និងមេដឹកនាំអង្គការអន្តរជាតិជាច្រើនផ្សេងទៀត។ ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការជួយសង្គ្រោះមនុស្សលើនាវានេះ នាំឱ្យមនុស្សជាតិលើពិភពលោក បានកោតសរសើរកម្ពុជាថា ជាជាតិសាសន៍មួយពោរពេញដោយបេះដូងមនុស្សធម៌ «កម្ពុជាជាប្រទេសតូច តែបេះដូងធំ»៕