ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំង ប្រជាជន រាជធានីភ្នំពេញ ដែលបានខិតខំយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវចូលរួមអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់គណៈអភិបាលរាជធានីភ្នំពេញ រហូតសម្រេចបានលទ្ធផលរីក ចម្រើនលើគ្រប់ វិស័យក្នុងខែធ្នូ ឆ្នាំ២០២៣កន្លងមកនេះ។ តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលដែលមាន សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោក ម៉ប់ សារិន បានគាំទ្របែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ដោយមានការ ចូលរួម ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
លោក ម៉ប់ សារិន បានសរសើរ សមត្ថកិច្ចពាក់ព័ន្ធដែលបានខិតខំបង្ក្រាបបទល្មើសព្រហ្មទណ្ឌបានប្រមាណ ៩៧% នៃបទល្មើសដែលបានកើតឡើងក្នុងខែ។ ជាមួយនេះ បានបង្ក្រាបក្មេងទំនើង និងបទល្មើស គ្រឿងញៀនបានជាច្រើនករណី។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៣នេះបទល្មើសព្រហ្ម ទណ្ឌមានការថយចុះ ៣២លើក បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៨៦, ៤៤%បង្ក្រាបក្មេងទំនើង និងបទល្មើសគ្រឿងញៀន បានជាច្រើនករណីគួរឱ្យកត់សម្គាល់។
រក្សាបាននូវសុខ សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់និងអនុវត្តបានយ៉ាងជោគជ័យនូវរាល់ព្រឹត្តិការណ៍ធំៗ ដែលធ្វើឱ្យរាជធានីភ្នំពេញទទួលបាន នូវការកោតស្ញប់ស្ញែងទាំងជាតិ និងអន្តរជាតិ។
លោក សូមអរគុណអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអង្គភាព ពាក់ព័ន្ធដែលបានរៀបចំប្រារព្ធពិធីខួប ២៥ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះ និងពិធីឆ្លងឆ្នាំសកលដែលមាន ប្រជាពលរដ្ឋយ៉ាងច្រើនចូលរួមកម្សាន្តសប្បាយ ព្រមទាំងថែរក្សា ការពារបានសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើរ។ រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ ថ្នាក់ដឹកនាំគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ កងកម្លាំងគ្រប់ប្រភេទដែលបានសហការគ្នាល្អប្រកបដោយ ទទួលខុសត្រូវក្នុងការផ្តល់សេវាសាធា រណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ជាក់ស្ដែងមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលជនគ្រោះ គ្រឿងញៀន បានចំនួន៥,៤៣២នាក់ ក្នុងឆ្នាំ២០២៣នេះ ថ្វីត្បិតតែមជ្ឈមណ្ឌលមានទីតាំងតូចចង្អៀតក៏ដោយ។ រដ្ឋបាលរាជធានីភ្នំពេញ ដែលបាន ខិតខំពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្រីក្រតាមរយៈគម្រោងមូលនិធិសមធម៌បានចំនួន៤៧៨១នាក់ និងតាមរយៈគម្រោងបេឡាជាតិរបបសន្តិសុខសង្គម (បសស) បានចំនួន ៧០៥៤១នាក់ ឆ្លើយតបកម្មវិធីទី១ នៃកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ឆ្នាំថ្មី២០២៤នេះ មន្ត្រីរដ្ឋបាលរបស់យើងបានបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរជាងមុនថែមទៀត ពិសេសគឺ ដាច់ខាតមិនអោយមានការយកតម្លៃក្រៅសេវាដែលបានកំណត់ឡើយ ។ចំពោះការសំណូមពរពីក្រុមប្រឹក្សារាជធានីភ្នំពេញ លើការកាត់ បន្ថយឯកសារមួយចំនួនពាក់ព័ន្ធការផ្តល់សេវាដីធ្លី លោកអភិបាលរាជធានីនឹងធ្វើការស្នើទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកបានបន្ដថា៖ ការងារ សន្តិសុខ សណ្តាប់ កែលំអររាជធានី យើងអនុវត្តបានយ៉ាងល្អទាំងកិច្ចប្រជុំកំពូលៗនិងបុណ្យជាតិធំៗ។ អាជ្ញាធរនិងកងកម្លាំងចំណុះឱ្យ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបេ្តជ្ញាចិត្តអនុវត្តអោយបានល្អបំផុតទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឱ្យកម្ពុជា សម្រេចបាននូវចក្ខុវិយ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ។
លោក បានជំរុញឱ្យកងកម្លាំង និងមន្ដ្រីពាក់ព័ន្ធត្រូវសហការណ៏ឱ្យបានល្អ ពិសេស ការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀនឱ្យ បានតឹងរឹងថែមទៀត ដោយសារថ្មីៗនេះ សិស្សសាលាស្រីៗនៅតែបន្តសកម្មភាពប្រើហឹង្សាព្រួតវាយគ្នា ។ ជាមួយគ្នានេះបញ្ហាសំរាមក៏ជារឿងសំខាន់ដែលត្រូវយកចិត្តទុកដាក់ ព្រោះ គិតមកដល់ពេលនេះ ការប្រមូលសំរាម នៅតែបន្តខាតបង់រាល់ខែនៅឡើយ ហើយតាមពត៌មាន នៅតាមបុរីខ្លះ ពួកគាត់មិនដឹងថា បង់សេវាសំរាមតាមណាផងនៅឡើយទេ ដែលបញ្ហានេះ ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់៕. ដោយ សំរិត