សាធារណរដ្ឋកូរ៉រ ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានប្រកាសថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សេវាផ្តល់លិខិតឆ្លងដែនជូនពលរដ្ឋ និងពលករកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសកូរ៉េ បានចាប់ដំណេីរការពីថ្ងៃនេះតទៅ។
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅកាន់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមានអាសយដ្ឋាន: 55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041 ។ នេះជាការបញ្ជាក់ពីខាង អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ៖ រាជរដ្ឋាភិបាល កម្ពុជា បានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា ដែល កំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ។ ព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវា មានដូចខាងក្រោម៖
១. ទីតាំងផ្តល់សេវា៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដែលមាន អាសយដ្ឋាន – 55 Sejong Daero, Jung-gu, Seoul 04513; Tel. +82 2 3785 1041
២. ពេលវេលានៃការផ្តល់សេវា៖ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (លើកលែងថ្ងៃសម្រាក ឬការកំណត់ ដោយឡែក) ពេលព្រឹកចាប់ពីម៉ោង ០៩:០០-១២:០០ និងរសៀលចាប់ពីម៉ោង ១៤:០០ – ១៧:០០
៣. បែបបទនៃការផ្តល់៖
ក. ករណីពលរដ្ឋដែលមានអាយុចាប់ពី១៥ឆ្នាំឡើង ត្រូវមានឯកសារដូចខាងក្រោម៖
លិខិតឆ្លងដែនច្បាប់ដើម (ដែលផុតឬជិតផុតសុពលភាព) ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬឯកសារផ្សេងទៀតដែលបញ្ជាក់អំពីសញ្ជាតិខ្មែរ និង សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅដែលចេញដោយស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស។
ខ. ករណីទារក ឬកុមារដែលមានអាយុក្រោម១៥ឆ្នាំ ត្រូវមានឯកសារដូចចំណុច (ក) ខាងលើ ដោយភ្ជាប់បន្ថែមនូវឯកសារដូចខាងក្រោម៖
លិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីឪពុក ឬម្តាយ ឬអាណាព្យាបាល និង
សំបុត្រពេទ្យ (ករណីកើតនៅក្រៅប្រទេស)។
៤. រយៈពេលផ្តល់៖ លិខិតឆ្លងដែននឹងត្រូវផ្តល់ជូនក្នុងរយៈពេល៤-៥សប្ដាហ៍ គិតចាប់ពីថ្ងៃស្នើសុំ ៕