ភ្នំពេញ ៖ ក្នុងគោលដៅចូលរួមលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន និងត្រៀមទទួលស្វាគមន៍ភ្ញៀវ ទេសចរចិនមកកម្សាន្តក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពសម្បូរ បែប និងភាពកក់ក្តៅ និងដើម្បីត្រៀមអបអរសាទរពិធីបើក ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា ចិន ២០២៤ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅទីលានជល់ដំរី ខេត្តសៀមរាប ក្រសួងទេសចរណ៍ សូមណែនាំដល់ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវបន្តចុះណែនាំគ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ដូចខាងក្រោម៖
១). អនុវត្តតាមការណែនាំដែលមានកំណត់នៅក្នុងស្តង់ដាវាយតម្លៃរបស់កម្ពុជាសម្រាប់សេវាកម្មទេសចរណ៍ត្រៀមទទួលភ្ញៀវទេសចរចិន (China Ready Accreditation)នៃសៀវភៅស ស្តីពី “China Ready” សម្រាប់ទេសចរណ៍កម្ពុជា តាមប្រភេទសេវាកម្មទេសចរណ៍នីមួយៗ។
២). ត្រូវបន្តពង្រឹងការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួននូវរាល់វិធានការបង្ការពាក់ព័ន្ធនឹងសុខសុវត្ថិភាព សុខុមាលភាព និងត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដើម្បីធានា រក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ភាពស្អាត ពិសេសចំពោះសេវាកម្មមួយ ចំនួនដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់អំពីសុវត្ថិភាព។
៣). ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់ជូនភ្ញៀវទេសចរ ដែលមកទទួលយកសេវាកម្មរបស់ខ្លួន ដោយត្រូវជូនដំណឹងដល់ភ្ញៀវអំពីទីតាំងដែលអាចប្រើប្រាស់ជាចំណតត្រឹមត្រូវ (ដោយមាន បំពាក់ស្លាកសញ្ញាបញ្ជាក់) និងមិនត្រូវបណ្ដែតបណ្ដោយឱ្យមានការចតយានយន្តដោយគ្មាន សណ្តាប់ធ្នាប់ និងបង្កឱ្យប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។
៤). ផ្នែកខាងក្រៅអាជីវកម្ម ត្រូវមានរៀបចំដាក់តុបតែងភ្លើងលម្អ និងដាក់បង្ហាញទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា។ ផ្នែកខាងក្នុងអាជីវកម្ម ត្រូវរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទាំង ៣ព្រះអង្គ ស្របតាមការណែនាំរបស់ ក្រសួងព្រះបរមរាជវាំង និងក្រសួងទេសចរណ៍។
៥). ត្រូវតុបតែងលម្អទាំងផ្នែកខាងក្នុង និងខាងក្រៅអាជីវកម្ម ដោយត្រូវបង្ហាញអំពីវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ឬអត្តសញ្ញាណពិសេសរបស់ខេត្តដោយមិនប្រាសចាកពីទំនៀមទម្លាប់ ប្រពៃណីខ្មែរ។
៦). ត្រូវដាក់បង្ហាញផលិតផល ឬសេវាកម្មរបស់ខ្លួនជាសាធារណៈតាមគ្រប់ទម្រង់ និងត្រូវបញ្ជាក់ ពីតម្លៃ និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់ ដែលចាំបាច់សម្រាប់ជាមូលដ្ឋាន ពិចារណាជ្រើសរើសដោយភ្ញៀវ។ ត្រូវរក្សាតម្លៃនៃអាជីវកម្ម ឬសេវាកម្មឱ្យបានសមរម្យ និង ត្រូវរក្សាគុណភាព បរិមាណផលិតផល និងសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អថែមទៀត។
៧). ត្រូវក្រើនរំលឹក និងបណ្តុះបណ្តាលបុគ្គលិកអំពីបដិសណ្ឋារកិច្ច និងជំនាញដែលចាំបាច់ និង ត្រូវរៀបចំឱ្យបុគ្គលិកមានឯកសណ្ឋានត្រឹមត្រូវទៅតាមផ្នែកនីមួយៗ និងគួរជាឯកសណ្ឋាន ដែលបង្ហាញអំពីវប្បធម៌ខ្មែរ ឬលក្ខណៈពិសេសរបស់ខេត្ត ឬតំបន់។
៨). ត្រូវយកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធារណៈ ដោយត្រូវលាងសម្អាតជាប្រចាំ និងឱ្យបាន ញឹកញាប់ ដែលយ៉ាងហោចណាស់ពុំមានក្លិនមិនល្អ មានការបែងចែករវាងបង្គន់អនាម័យ ប្រុស និងស្រី និងមានដាក់សាប៊ូលាងដៃ (សាប៊ូទឹក)។
៩). ត្រូវអនុវត្តរាល់បទប្បញ្ញត្តិជាធរមាន និងរាល់ការណែនាំរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាល ថ្នាក់ក្រោមជាតិ។
ទទួលបានសេចក្តីណែនាំនេះ មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តខ្លឹមសារខាងលើនេះ ឱ្យមានប្រសិទ្ធភាពប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ៕