និស្សិត៨រូបមកធ្វើការសម្ភាសផ្ទាល់មាត់លើភាសាបារាំង ដើម្បីចូលរួមមហាសន្និបាតយុវជន​ នៃសភាប្រើភាសាបារាំង​ លើកទី១០ នៅប្រទេសកាណាដា

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គណៈកម្មការជ្រើសរើស ដឹកនាំដោយ​ លោក កែប ជុតិមា ប្រធានគណៈកម្មការទី៤​ នៃរដ្ឋសភា និងអនុប្រធានគណៈកម្មការអប់រំ ទំនាក់ទំនង និងវប្បធម៌​ នៃក្រុមសភាជាតិកម្ពុជា​ នៃសភានិយាយភាសាបារាំង បានសម្ភាសផ្ទាល់មាត់ជ្រើសរើសយកជ័យលាភីចំនួន២នាក់ (ប្រុស១នាក់ ស្រ្តី១នាក់) ក្នុងចំណោមបេក្ខជន បេក្ខនារី​ ចំនួន៨នាក់​ ដែលត្រូវបានជ្រើសរើសដំណាក់កាលទី១ដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទៅចូលរួមមហាសន្និបាតសភាយុវជននៃសភានិយាយភាសាបារាំង (PFJ) លើកទ១០ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ុងរ៉េអាល់ នៃប្រទេសកាណាដា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤។

ប្រធានបទចំនួន៤ដែលនឹងត្រូវលើកយកមកពិភាក្សានាមហាសន្និបាត PFJ លើកទី១០ នាឆ្នាំនេះគឺ៖

១.ការប្រយុទ្ធប្រឆាំង នឹងអថាវរភាពក្នុងមជ្ឈដ្ឋានយុវភាព (La lutte contre la précarité parmi la jeunesse)

២.ការជំរុញប្រជាប្រិយភាពនិងការប្រើប្រាស់ភាសាបារាំងជាផ្លូវការនៅសតវត្សទី២១ (La promotion des usages officiels et populaires de la langue française au XXIème siècle)

៣.ការគ្រប់គ្រងដែនសកម្មភាព របស់ អ្នកមាន ឥទ្ធិពល (L’encadrement de l’activité des influenceurs)​ និង

៤.ជំរុញកាតព្វកិច្ច ពលរដ្ឋរបស់យុវជនក្នុងជីវិតពិតប្រាកដជាជាងក្នុងជីវិតលើបណ្តាញសង្គម (Favoriser l’engagement civique des jeunes dans la vie réelle plutôt que sur les réseaux sociaux)។

វេទិកានេះ ប្រារព្ធធ្វេីឡើងរៀងរាល់២ឆ្នាំម្តង​ ស្របពេលជាមួយគ្នានឹងមហាសន្និបាតសភានិយាយភាបារាំង នៅក្នុងបណ្តាប្រទេសជាសមាជិក​APF។

សូមបញ្ជាក់ថា សភាយុវជននៃសភានិយាយភាសាបារាំង​(Parlement Francophone des Jeunes-PFJ) ត្រូវបានបង្កើតឡើងនាកិច្ចប្រជុំកំពូលថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល​នៃប្រទេសនិយាយភាសាបារាំង នៅទីក្រុងម៉ុងតុង(Moncton) នាខែកញ្ញា ឆ្នាំ១៩៩៩។ សភាយុវជន នៃប្រទេសនិយាយភាសាបារាំង មានគោលបំណងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៃភាពជាអ្នកតំណាង និងលើកកម្ពស់ចំណេះដឹងផ្នែកនីតិបញ្ញត្តិរបស់យុវជនដែលមកពីមជ្ឈដ្ឋាននានាក្នុងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការដើរតួជាសមាជិកសភា។ លើសពីនេះទៀត PFJ ក៏ផ្ដោតលើការអភិវឌ្ឍ ការបណ្តុះបណ្តាលពលរដ្ឋ និងពង្រឹងសាមគ្គីភាពរវាងយុវជននៃប្រទេសនិយាយភាសាបារាំង។

អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងប្រកាសលទ្ធផលស្តីពីការជ្រើសរើសផ្តាច់ព្រ័ត្រនេះ នៅដើមសប្តាហ៍បន្ទាប់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print