ភ្នំពេញ៖ ក្រុមសិល្បករមួយក្រុមបានទម្លាយឲ្យដឹងថាមានតួសម្តែងមួយចំនួនបានជួបនឹងព្រឹត្តិការប្លែកៗដែលពួកគេហៅថាជាព្រលឹងឬខ្មោច មកលងបន្លាចពួកគេពេលកំពុងសម្តែង ។ ក្នុងនោះមានតារាសម្តែងមាឌធំ លោក ភី ម៉ៃ និងតារាវ័យក្មេងលោក អ៊ុក សុភ័ក្ររិទ្ធផងដែរដែលជួបព្រឹត្តិការណ៍នេះ។
ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម ឥន្ទ្រានិមិ្មតហ្វីលម៍រឿង “កំណត់ហេតុនាងនាថ” បានរៀបចំពិធីក្រុងពាលីបើកការផលិតខ្សែភាពយន្តខាងលើកាលពីអំឡុងខែកុម្ភៈឆ្នាំ២០១៦ នៅតំបន់មួយនៃខេត្តកំពតដែលជាភូមិមួយធ្លាប់មានអបិយជំនឿជាច្រើនលើព្រឹងនិយម។ ផលិតករបានជ្រើសរើសទីនេះដើម្បីនៅក្នុងទឹកដីភូមិកោះទឹកវិល ( រមណីដ្ឋានដងព្រែកទឹកវិលខេត្តកំពត) មានដើមឈើទាលដ៏ធំ១ដើមដែលអ្នកស្រុកភូមិតែងគោរពបូជា ដោយមានជំនឿថាមានបារមី លោកយាយ ថែររក្សាទីកន្លែងនោះ ហើយរឿងកំណត់ហេតុនាងនាថ ក៏ត្រូវបានលោករ៉ូណានជ្រើសយកកន្លែងនោះ និងទីតាំងភូមិនោះសម្រាប់ថតផងដែរ ។ ហេតុការណ៍ចម្លែកៗអរូបីក៏បានកើតឡើងជាច្រើនដូចជាការ បារមីលោកយាយបានធ្វើក្មេងស្រីដែលជាចៅរបស់លោកតាមេភូមិ ចុកពោះ ហើយស្រែកយំមិនឈប់អស់រយៈពេលជាច្រើនថ្ងៃ ដោយមូលហេតុលោកតាមេភូមិមិនបានអូជធូបប្រាប់បារមីលោកយាយនៅថ្ងៃក្រុងពាលី។ ជាមួយគ្នានេះគឺមាន បារមីលោកយាយដើមឈើទាល បានចូលរូបលោកយាយម្នាក់ដែលមានផ្ទះក្បែរតាមេភូមិហើយនិយាយប្រាប់ថា គាត់ថ្លង់ដែលនាំគ្នាមកថត ស្រែក១យប់ទល់ៗភ្លឺ កូនចៅ លោកយាយថែររក្សាទីនោះមិនបានសម្រាន្ត ជាដើម។
មិនតែប៉ុណ្ណោះនៅល្ងាចថ្ងៃទី៦ ខែមិនាឆ្នាំ២០១៦ លោក អ៊ុក សុភ័ក្ររិទ្ធ និងអ្នកបច្ចេកទេសម្នាក់បានជិះម៉ូតូ ដោយការជិះជជែកគ្នា ប្រឡែងគ្នា ស្រាប់តែមែកអាកាស្យា ស្រស់ប្រហែលប៉ុនកជើងបាក់មកដោយគ្មានមូលហេតុក្បែរម៉ូតូ អ្នកទាំង២ ហើយអ្នកទាំង២ផ្ដួលម៉ូតូរត់ចោលម៉ូតូផងដែរ។ លោកអ៊ុក សុភ័ក្ររិទ្ធបញ្ជាក់ថា នាថ្ងៃនោះលោកពិតជាជួបហេតុការណ៍ខាងលើក្រោយពីលោកព្រហើន ដោយការជិះម៉ូតូលឿន និងស្រែកហ៊ោកញ្ចៀវខ្លាំង ដែលវាគឺជាតំណមរបស់អ្នកស្រុកនេះផងដែរ។ លោកថា គ្រាដែលលោកជិះទាំងវេលាថ្ងៃមកដល់តំបន់ស័ក្កិសិទ្ធិនេះស្រាប់តែមានខ្សល់កួចខ្លាំងហើយបានធ្វើឲ្យមែកឈើបាក់រួចមានស្រមោលខ្មៅមួយរត់កាត់ពីមុខម៉ូតូធ្វើឲ្យលោកនិងអ្នករួមដំណើរម្នាក់ទៀតភ្ញាក់ដួលម៉ូតូនិងរត់ចោលម៉ូតូទៅរកក្រុមការងារ។ លោកថាអារម្មណ៍នេះនៅមិនទាន់ធ្វើឲ្យលោកបាត់ភ័យខ្លាចនៅឡើយទេ។
នៅមានព្រឹត្តិការណ៍ចម្លែកមួយទៀតគឺ បន្ទាប់ពីថតចប់ក្រុមតារាក៏ថតរូបរួមគ្នា ហើយក៏ជាប់ស្រមោលដែលដូចនាងនាថ ឈរពីក្រោយខ្នងលោក ភីម៉ៃ ដូចក្នុងរូប ហើយរូបផ្សេងៗទៀតគឺគ្មានទេ ។ លោក ភីម៉ៃ បញ្ជាក់ថា ក្នុងចំណោមរូបថតជុំគ្នា៦ទៅ៧ប៉ុស្តិ៍លោកឃើញរូបថតចម្លែកដែលហាក់មានព្រលឹងវិញ្ញាណរបស់ស្ត្រីម្នាក់នៅឈរពីស្មាខាងស្តាំរបស់លោក ហើយព្រឹត្តិការណ៍នេះបានធ្វើឲ្យលោកព្រឺសម្បុរមិនបាត់នៅឡើយ។ លោកថាតាមជំនឿរូបនេះគឺជាព្រលឹងរបស់នាងនាថដែល វាស្រដៀងគ្នានឹងតួអង្គនាងនាថដែលកំពុងឈរនៅជិតលោកស្រាប់។ លោកថា ក្រោយថតជាប់រូបនេះលោកបានទៅវត្តស្រោចទឹករួចរាល់ហើយដែរ ដើម្បីបំបាត់ការភ័យខ្លាច។
លោកថានៅមានហេតុការណ៍មួយចំនួនទៀតដែលបានកើតឡើងជាមួយនឹងក្រុមការងារដូចជាតៃកុងឡានឈ្មោះម៉ាប់បានជួបច្រើនជាងគេ គឺនៅពេលបើកឡានយប់ៗ ពេលមកដល់គុម្ភឫស្សីក្បែរផ្លូវចូលភូមិគាត់តែងឃើញស្រមោលខ្មៅៗ ឬក៏ដុំខ្មៅមកបាំងឡានមិនឲ្យមើលផ្លូវឃើញ ( អ្នកភូមិដំណាលថាម្ដុំនឹងមានខ្មោចលងសាហាវ ) ហើយយប់មួយគាត់និងបងស្រូន បានយកទូរស័ព្ទថតវីដេអូ សកម្មភាពក្រុមការងារពេលសម្រាកថតដោយសារភ្លៀងរលឹមតិចៗ គាត់បានឃើញ លោកយាយស្លៀកស ពាក់ស បួងសក់ឡើងលើកំពុងអង្គុយតាំងសមាធិក្រោមដើមឈើទាល ក្បែរមឈូស និងរូងភ្នំដែលក្រុមការងារបានរៀបចំសម្រាប់ថត ។ ទោះជាយ៉ាងណាលោកបញ្ជាក់ថា ការជឿទៅលើព្រលឹងនិយមនៅតែបន្តកើតមានក្នុងផ្នត់គំនិតខ្មែរជាដរាប ។ ទោះជួបព្រឹត្តិការណ៍ដ៏គួរឲ្យព្រឺសម្បុរទាំងនេះក្តីក៏ក្រុមការងារបានបញ្ចប់ការផលិតដោយជោគជ័យគួរជាទីមោទនៈ៕
ដោយ៖ វឌ្ឍនា