រដ្ឋមន្រ្តីក្រសួងបរិស្ថានរៀបចំសួនឧទ្យានទន្លេស្ងួត សមិទ្ធផលមួយថ្មីបន្ថែមទៀត ឆ្ពោះទៅតំបន់សហគមន៍ទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានរៀបចំបង្កើតសួនឧទ្យានទន្លេស្ងួត ដែលជាសមិទ្ធផលមួយថ្មីបន្ថែមទៀត ឆ្ពោះទៅតំបន់សហគមន៍ទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន។ នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមករា ឆ្នាំ២០២៤ ម្សិលមុិញ លោកបណ្ឌិត អ៊ាង សុផល្លែត និងលោកស្រី បានអញ្ជើញចូលរួមជាអធិបតីបើកការដ្ឋានរៀបចំ សួនឧទ្យានទន្លេស្ងួត នៅក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ព្រឹត្តិការណ៍នៅថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពី លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកស្រី ព្រមទាំង មានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់។

សូមបញ្ជាក់ថា ៖ តំបន់ទន្លេស្ងួត មានផ្ទៃដី១៤ហិកតា ក្នុងនោះ ឧទ្យានទន្លេស្ងួត គ្រោងរៀបចំបង្កើតឱ្យមានកន្លែងកម្សាន្តបែបធម្មជាតិជាច្រើន ជាដំណាក់កាលៗ ដូចជា កន្លែងជិះទោងកម្សាន្ត លើផ្ទៃដីទំហំប្រមាណ ៨៧៥០ម៉ែត្រការ៉េ ដែលគ្រោងនឹងសាងសង់រួចរាល់ នៅមុនរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ លើសពីនេះ តំបន់ទេសចរណ៍ធម្មជាតិ ដែលមានកន្លែងលេងកីឡា (បាល់ទះ និង បាល់ទាត់) កន្លែងធម្មជាតិ វប្បធម៌ ប្រវត្តិសាស្រ្ត ទស្សនាទេសភាព កន្លែងស្ទូចត្រី កន្លែងចិញ្ចឹមត្រី និងប្រព័ន្ធធារាសាស្រ្ត សម្រាប់បម្រើឱ្យការស្រោចស្រពស្រែចំការប្រជាពលរដ្ឋផងដែរ។

សូមបញ្ជាក់ថា ៖ លោក បណ្ឌិត អ៊ាង សុផល្លែត បានជួយអភិវឌ្ឍន៍មូលដ្ឋានខេត្តត្បូងឃ្មុំជាបន្តបន្ទាប់ ជាពិសេស រៀបចំតំបន់ទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ នឹងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋាន។ នៅឆ្នាំកន្លងទៅ លោកបណ្ឌិត អ៊ាង សុផល្លែត បានរៀបចំដាំផ្កាស្បៃរឿងចំនួន១លានដើម ដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរណ៍ មកពីគ្រប់ទិសទី មកទស្សនា និងលម្ហែកម្សាន្ត នៅក្នុងឱកាសថ្ងៃឈប់សម្រាក និងពិធីបុណ្យផ្សេងៗ។ បន្ទាប់មកទៀត ឯកឧត្តមរដ្ឋមន្រ្តី បានដាំដើមព្រីង និងឫស្សីផ្អែម ដើម្បីផ្តល់ជាម្លប់ និងបង្កើនភាពបៃតងរយៈពេលវែង ជាពិសេសផ្តល់ជាផល សម្រាប់ប្រជាជននៅតំបន់នេះ អាចដកហូតធ្វើម្ហូបអាហារពិសារ ហើយអាចដកហូត យកទៅធ្វើសម្ភារប្រើប្រាស់ផ្សេងៗនៅពេលខាងមុខ។ ជាមួយគ្នានេះ លោកបណ្ឌិតរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានតម្លើងអំពូលសូឡាជាង១០០បង្គោល នៅជុំវិញតំបន់ទន្លេស្ងួតបំភ្លឺពេលយប់ផងដែរ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា ការរៀបចំតំបន់ទន្លេស្ងួត ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនេះ នឹងបានជួយពង្រីកជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ធម្មជាតិអព្យាក្រឹតកាបូន និងក្លាយជាអាងទឹក សម្រាប់ការស្រោចស្រពស្រែចំការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅពេលខាងមុខ។ លើសពីនេះ ការអភិវឌ្ឍតំបន់ទន្លេស្ងួត ក៏បានបង្ហាញពីការដឹងគុណគោរពប្រតិបត្តិទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសិទិ្ធ និងជាទីសក្ការៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង។

តំបន់ប្រវត្តិសាស្ត្រប្រាសាទព្រះធាតុបាស្រី មានប្រាសាទបុរាណ ព្រះវិហារ ទីសក្ការៈបូជា ទីទួលបុរាណ និងទន្លេស្ងួតនេះ ដែលមានអាយុកាលយូរលង់ណាស់មកហើយ។ ទីតាំងនេះត្រូវក៏ជាទីគោរពសក្ការៈរបស់ព្រះមហាក្សត្រ ជាច្រើនព្រះអង្គនាសម័យបុរាណ ក្នុងនោះរួមមានស្ដេចកន ដែលជាអតីតក្សត្រខ្មែរមួយព្រះអង្គសោយរាជ្យនៅព្រះរាជាណាចកម្ពុជា ក៏បានមកបន់ស្រន់ សុំជ័យជោគក្នុងការធ្វើសឹកសង្រ្គាម នាសម័យបុរាណនោះដែរ។ ចាប់ពីពេលនោះមក វត្តព្រះធាតុបាស្រី និងតំបន់ទន្លេស្ងួត បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរពរហូតមក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print