ខេត្តមណ្ឌលគិរី៖ លោក ស៊ិន សត្ថា នាយកដែនជម្រក សត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ជារឿយៗប្រជាពលរដ្ឋតែងតែប្រទះឃើញហ្វូងដំរីច្រើនក្បាលដែលតែងតែចុះមកក្នុងដីចម្ការរបស់អ្នក ភូមិនិងជូនកាលស្វែងរកទឹកផឹក។ ថ្មីៗនេះអ្នកភូមិនៅឃុំស្រែព្រះគ្រប់ប្រទះឃើញដំរីមួយហ្វូងដែរ។
ហ្វូងដំរីព្រៃខេត្តមណ្ឌលគិរី ពិសេសក្នុងតំបន់ដែនជម្រក សត្វព្រៃកែវសីមា តែងតែបង្ហាញ ខ្លួនជាច្រើនក្បាល ក្បែរភូមិឋានអ្នកស្រុក ដើម្បីផឹកទឹករកចំណី តែមិនបង្កការគ្រោះថ្នាក់ដល់អ្នកស្រុកទេ ខណៈវត្តមានរបស់សត្វដំរីព្រៃធ្វើដំណើរជាហ្វូង ក៏ជាសញ្ញាល្អសរបញ្ជាក់ឲ្យឃើញពីចំនួនសត្វព្រៃនៅតែចំនួនច្រើនក្នុងព្រៃ មិនមានការបាត់បង់ ។
ក្នុងនោះដែរ ករណីដំរីព្រៃអាជ្ញាធរសង្កាត់រមនា បានជូនដំណឹងដល់បងប្អូនរស់នៅខាងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបង្កើតការប្រុងប្រយ័ត្នព្រោះមានហ្វូងដំរីព្រៃចេញចូលដល់ចំការអ្នកភូមិ ដូច្នេះអាជ្ញាធរបារម្ភខ្លាចវាបង្កគ្រោះថ្នាក់ដល់មនុស្ស។
ប្រភពពីប្រជាពលរដ្ឋនៅស្រុកកែវសីមា បានលើកឡើងថា នៅរដូវប្រាំងហ្វូងដំរីព្រៃតែងតែចេញពីព្រៃមករកចំណី ឬប្រភពទឹកផឹកយ៉ាងទៀងទាត់ ព្រោះពីមុនតំបន់ទាំងនោះសុទ្ធតែជាព្រៃរបស់វាធ្លាប់រស់នៅ ។ ការបង្ហាញ ខ្លួនរបស់ហ្វូងដំរីក៏បង្កការរំខានខ្លះដែរ ដោយពួកវាបានស៊ីដំណាំផ្សេងៗរបស់អ្នកស្រុកដាំ ប៉ុន្តែពួកវាមិនបង្កគ្រោះថ្នាក់ដល់ប្រជាជនទេ ។
នាយកដែនជម្រកសត្វព្រៃកែវសីមា លោក ស៊ិន សត្ថា បានឲ្យដឹងដែលថា ជារឿយៗមន្ត្រីឧទ្យានុរក្សតែងល្បាតប្រទះ ឃើញហ្វូងដំរីព្រៃញឹកញាប់ ហើយប្រហែល ៣ ខែមុន ដំរីព្រៃជាច្រើនក្បាលបានបង្ហាញខ្លួននៅតំបន់ឃុំស្រែព្រះ ។
លោកប្រធានការិយាល័យដែលជម្រកសត្វព្រៃកែវសីមាបន្តថា គិតរហូតដល់ពេលនេះ មិនទាន់កំណត់បានតួលេខជាក់លាក់របស់ដំរីព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមានោះទេ ត្បិតក្រុមមន្ត្រីជំនាញក្នុងឆ្នាំ២០២៣ ប្រមូលបានសំណាកសត្វដំរីព្រៃប្រមាណជាង៤០០ សំណាកយកទៅពិសោធន៍ដើម្បីកំណត់ចំនួនរបស់ពួកវា ប៉ុន្តែមិនទាន់ទទួលបានលទ្ធផល ។
គួររំលឹកដែរថា តួលេខសត្វដំរីព្រៃកាលពីឆ្នាំ២០២១ ដែលមន្ត្រីជំនាញបានផ្ដល់ឲ្យ សត្វដំរីព្រៃអាស៊ីនៅខេត្ត មណ្ឌលគិរីមិនមានចំនួនថយចុះនោះទេ ពួកវាកំពុងរស់ នៅក្នុងព្រៃបង្កាត់កូនចៅយ៉ាងសុខសាន្ត ហើយចំនួនរបស់ពួកវាអាចមានចន្លោះពី៣០០ក្បាល ទៅ៤០០ ក្បាល មានរស់នៅច្រើនក្នុងដែនជម្រកសត្វព្រៃកែវសីមា បន្ទាប់មកគឺដែនជម្រកសត្វព្រៃភ្នំព្រេច និងខ្លះទៀតរស់នៅក្នុងដែនជម្រកសត្វព្រៃស្រែពក ៕