ភ្នំពេញ៖ លោក សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានទទួលជួបគណៈប្រតិភូ ICARS
នៅទីស្តីការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ចំពោះគម្រោង ICARS ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា លើការសិក្សាស្រាវជ្រាវក្នុងការគ្រប់គ្រងជំងឺសត្វ និងសុវត្ថិភាពចំណីអាហារ តាមលក្ខណៈបច្ចេកទេស។
ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងមានអគ្គនាយកដ្ឋានចំនួន ៥ និងកិច្ចសហការជាមួយអន្តរក្រសួង ដែល ICARS អាចចូលរួមជួយគាំទ្រសកម្មភាព ក្នុងភាពជាដៃគូសហការលើការងារសិក្សាស្រាវជ្រាវរួម។
លើសពីនេះទៀត លោក បានបញ្ជាក់បន្ថែមថា កម្ពុជានឹងមានមន្ទីរពិសោធន៍ថ្នាក់ជាតិនៅសិត្បូ និងគ្រោងបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលដើរតួនាទីសំខាន់ណាស់ក្នុងការស្រាវជ្រាវ និងវិភាគ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅកម្ពុជា៕