កម្លាំងអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យនិងវត្ថុតាងគ្រឿងញៀនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត​នៅព្រឹកថ្ងៃ ទី២៣ ខែមករា ឆ្នាំ​២០២៣៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចអាវុធហត្ថប្រាប់ថាៈនៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្រោយពីទទួលបានព័ត៌មានពីសន្តិសុខ ស្ដីពីករណី រក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យជនជាតិថៃម្នាក់ ឈ្មោះសូរ៉ាថាន់ អ៊ីនថាឈូត(SORATHON INTACHOT) ភេទប្រុស អាយុ២២ឆ្នាំ ឬួមទាំងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទគ្រាប់ថ្នាំពណ៌ក្រហម និងពណ៌ផ្កាឈូកចំនួន១២១គ្រាប់ ស្មើនឹងទម្ងន់១២,៣៦ក្រាម គ្រឿងញៀនប្រភេទម្សៅពណ៌សថ្លាចំនួន០៤កូនថង់តូច ស្មើនឹងទម្ងន់៣,៩ក្រាម និងថង់សម្រាប់វេចខ្ចប់មួយចំនួន ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ជនសង្ស័យខាងលើក្រោយពីកម្លាំងជំនាញសួរនាំរួចបានរៀបរាប់ថា កាលពី៦ថ្ងៃមុន រូបគេបានកម្មង់ទិញគ្រឿងញៀនតាមគ្រុបLINE ដោយកម្មង់ទិញគ្រឿងញៀន្រភេទថ្នាំគ្រាប់ ពណ៌លឿងលាយក្រហមចំនួន១៣០គ្រាប់ ក្នុងតម្លៃ៦៥០០បាត(លុយថៃ) និងថ្នាំប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៤កូនថង់ ក្នុងតម្លៃ២០០០បាត ក្រោយពីរូបគេផ្ញើប្រាក់តាមធនាគារកសិករថៃរួចមក រូបគេបានទៅយកគ្រឿងញៀនទាំងនោះនៅម្ដុំស្រះស្ទូចត្រី ដែលគេផ្លុងទុកនៅក្បែរគល់ឈើ។
បន្ទាប់មកនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ រូបគេបានយកគ្រឿងញៀនទៅលក់បន្តចំនួន៩គ្រាប់ បានតម្លៃ៥០០បាត បន្ទាប់មកទៀតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២និង០០នាទី រូបគេបានយកគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា១កូនថង់ទៅលក់ក្នុងផ្សាររាត្រីទឹកពុះតាមការកម្មង់ទិញ តែពុំទាន់បានលក់ផងស្រាប់តែសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនតែម្ដង។
លោកបានបញ្ជាក់ទៀតថា ដោយផ្អែកលើចម្លើយ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ជនសង្ស័យ​ រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត​ដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print