ភ្នំពេញ ៖ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤ ដែលប្រារព្ធនៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កងទ័ពមានបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព ហើយការចូលរួមរបស់កងទ័ព អាចធ្វើឱ្យកម្ពុជាបញ្ចប់សង្គ្រាមបានជោគជ័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កងទ័ពគឺជាអ្នកបង្កើតសង្រ្គាមផង ហើយក៏ជាអ្នកដែលចូលរួមក្នុងការបញ្ចប់សង្រ្គាមផងដែរ ជាពិសេសក្នុងដំណាក់កាលនៃការអនុវត្តនយោបាយឈ្នះឈ្នះ ដើម្បីនាំមកនូវសុខសន្តិភាពពេញលេញជូនជាតិ និងប្រជាជនកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា បើពុំមានការចូលរួមពីសំណាក់កងទ័ពគ្រប់ភាគី ដែលនាំមកនូវការទុកចិត្តគ្នាទេ នោះយើងនឹងមិនអាចសម្រេចបាននូវជោគជ័យនៃនយោបាយឈ្នះឈ្នះបានទេ។
សម្តេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងអរគុណដោយស្មោះចំពោះយោធិនទាំងអស់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត លះបង់ក្រុមគ្រួសារដែលជានិច្ចកាលតែងតែបានខិតខំព្យាយាមជម្នះឧបសគ្គតូចធំ ប្រកៀកស្មាគ្នាយ៉ាងរឹងមាំ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការបានល្អ ជាមួយបណ្តាគ្រប់កងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ក្នុងកិច្ចការពារនូវសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីជាដើមនាពេលកន្លងមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីឆ្នាំ១៩៩៩ គឺមានសារសំខាន់បំផុត ខណៈកងទ័ពជើងគោក បានចូលរួមប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រមូលផ្គុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍៃរហូតដល់សព្វថ្ងៃនេះ ៕