ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពថ្វាយព្រះករុណា ព្រះមហាក្សត្រ និងសម្ដេចព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្រេច៖ ប្រការ១- ត្រូវបានបង្កើតក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាពថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានសមាសភាពដូចខាងក្រោម៖
១- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ប្រធាន
២- ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អនុប្រធាន
៣- ឯកឧត្តមសាស្ត្រាចារ្យ ឈួយ ម៉េង និងជាវេជ្ជបណ្ឌិតប្រចាំការ
៤- ឯកឧត្តមសាស្ត្រាចារ្យ តារា ឡឹម សមាជិក
៥- ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ សមាជិក
៦- ឯកឧត្តមសាស្ត្រាចារ្យ ឱ វ៉ាន់ដា សមាជិក
៧- លោកវេជ្ជបណ្ឌិត ង៉ែត ប៉ាធី សមាជិក និងជាវេជ្ជបណ្ឌិតប្រចាំការ
៨- លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា សមាជិក និងជាវេជ្ជបណ្ឌិតប្រចាំការ។
ប្រការ២-
ក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាព មានភារកិច្ចទទួលខុសត្រូវក្នុងការពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំព្រះរាជសុខភាពថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ប្រការ៣-
ក្រុមគ្រូពេទ្យថែទាំព្រះរាជសុខភាព មានសិទ្ធិអញ្ជើញអ្នកជំនាញវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រនានា ចូលរួមជួយការងារក្នុងករណីចាំបាច់។
ប្រការ៤-
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៥-
រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ដោយ៖តារា