សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ទីប្រឹក្សាការទូតជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា អ៊ុយក្រែនបានអញ្ជើញប្រធានាធិបតីចិន លោក Xi Jinping ឱ្យចូលរួមក្នុង «កិច្ចប្រជុំកំពូលសន្តិភាព» នៃមេដឹកនាំពិភពលោក ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសស្វីស ខណៈដែលខួប២ឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីកាន់តែខិតជិតមកដល់។
លោក Ihor Zhovkva បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍មួយនៅសប្តាហ៍នេះថា «យើងពិតជាអញ្ជើញប្រទេសចិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ នៅកម្រិតខ្ពស់បំផុតដែលជាកម្រិតប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន»។ លោកបានបន្ថែមថា «ការចូលរួមរបស់ចិននឹងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើង។ យើងកំពុងធ្វើការជាមួយភាគីចិន។ យើងមានការចូលរួមពីដៃគូរបស់យើងនៅទូទាំងពិភពលោក ដូច្នេះពួកគេអាចបង្ហាញដល់ភាគីចិន អំពីសារៈសំខាន់នៃការចូលរួមក្នុងកិច្ចប្រជុំកំពូលបែបនេះ»។
ប្រទេសចិនមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី និងបានបដិសេធ មិនរិះគន់ការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ប៉ុន្តែក៏បាននិយាយថា អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់ត្រូវតែគោរព។
ប្រធានាធិបតីចិន លោក Xi និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសពីភាពជាដៃគូ «គ្មានព្រំដែន» នៅក្នុងទីក្រុងប៉េកាំងត្រឹមតែបីសប្តាហ៍ប៉ុណ្ណោះ មុនពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២។ ចាប់តាំងពីពេលនោះមក ប្រទេសចិនបានបង្កើនការនាំចូលថាមពលពីរុស្ស៊ីយ៉ាងច្រើនសន្ធឹកសន្ធាប់៕
រូបថត: baomoi.com