ភ្នំពេញ ៖ រោគសញ្ញាដុំពកនៅរន្ធទ្វារបាត Les boules anales !
១ តើដុំពកនៅបរិវេណទ្វារបាត (គូថ) សុទ្ធតែជាជំងឺឬសដូងបាតមែនដែរឬទេ?
ដុំពកនៅបរិវេណទ្វារបាតមិនមែនសុទ្ធតែជាជំងឺឬសដូងបាតនោះទេ ដូច្នេះហើយអ្នកជំងឺគួរតែមកពិគ្រោះនិងពិនិត្យរន្ធបាត Examen proctologique ដើម្បីធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ និងធ្វើការព្យាបាលអោយបានទាន់ពេលវេលា។
២ ជំងឺផ្សេងៗដែលធ្វើអោយមានដុំពកនៅតំបន់រន្ធបាត មានដូចជា ការលានចេញនៃឫសដូងបាតខាងក្នុង ឬសដូងបាតខាងក្រៅដែលហើមខ្លាំង បូសនៅបរិវេណរន្ធបាតនិងបូសអន្ទង់ សាច់ដុះនៅបរិវេណរន្ធបាត និងក្នុងរន្ធបាត ជំងឺកាមរោគ (រួមមានជំងឺសិរមាន់ ដំបៅនៃជំងឺស្វាយ ជំងឺពងបែក) គីសក្រពេញខ្លាញ់និងក្រពេញគល់រោម មហារីករន្ធបាត ការលានធ្លាក់ក្រសាលគូថ។
៣ រោគសញ្ញាសំខាន់ៗបន្ថែម ដែលតំរូវអោយអ្នកជំងឺប្រញាប់មកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស ៖
-ដុំពកដែលមានលក្ខណៈរំខាន និងមានសភាពឈឺចាប់
-ដុំពកដែលមានលក្ខណៈងាយហូរឈាម ឬមានកំនកឈាមចេញមកក្រៅ
-ភាពសើមនៅបរិវេណរន្ធបាត ឬកន្ទួលដែលមានសភាពឈឺចាប់ ឬធ្លាយហូរទឹករងៃ អាចមានក្លិនចំលែកចេញមកក្រៅ
៤ ការព្យាបាល៖
វិធីព្យាបាលគឺប្រែប្រួលទៅតាមមូលហេតុនៃជំងឺនីមួយៗ
– ករណីជំងឺឫសដូងបាតដែលហើមឈឺ អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម បំបាត់ការឈឺចាប់ និងថ្នាំបន្ទន់លាមក ក្នុងពេលជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម សំរាប់លាបទៅលើដុំនោះ។ ករណីខ្លះគ្រូពេទ្យអាចធ្វើការចោះយកកំណកឈាមដែលធ្វើឲ្យអ្នកជំងឺ បានធូរស្បើយពីការឈឺចាប់ភ្លាមៗ។
– ករណីបូសដែលមានការរំខាន ឬឈឺចាប់ស្រួចស្រាល គេអាចធ្វើការវះបង្ហូរខ្ទុះបន្ថយការឈឺចាប់បណ្តោះអាសន្ន ដោយប្រើថ្នាំស្ពឹក និងចំហរមុខរបូសដែលត្រូវអោយមានការតាមដានមួយរយះ។ ចំនែកឯបូសអន្ទង់ដែលមានផ្លូវពីខាងក្នុងរន្ធបាតចាក់ចេញមកខាងក្រៅ តម្រូវអោយមានការវះកាត់ផ្ដាច់ផ្លូវរូង និងប្រភពដើមនៃបូសដែលស្ថិតនៅខាងក្នុងរន្ធបាត។ ការវះកាត់នេះអាចនឹងត្រូវធ្វើឡើង២ឬ៣ដង ប្រសិនបើបូសនោះស៊ីរូងប៉ះពាល់សាច់ដុំខ្ចិបបាតធ្ងន់ធ្ងរ។
– ករណីជំងឺសិរមាន់នៅរន្ធគូថ យើងត្រូវធ្វើតេស្តបន្ថែមដូចជា Sérologies VHB, VHC, VIH, syphilis ព្រមទាំងរកជំងឺប្រមេះទឹកបាយ និងប្រមេះទឹកថ្លា ក្នុងល័ក្ខខ័ណ្ឌដែលមានវិជ្ជមានទៅលើមេរោគណាមួយ យើងត្រូវព្យាបាលវាអោយបានឆាប់រហ័ស។ រីឯការព្យាលជំងឺសិរមាន់ គឺត្រូវធ្វើឡើងដោយការកាត់ចេញ ឬដុតកំទេចដោយកម្តៅនៅក្នុងបន្ទប់វះកាត់។
– ករណីសាច់ដុះនៅបរិវេណរន្ធបាត និងក្នុងរន្ធបាតដែលមិនមានរោគសញ្ញា ឬករណីខ្លះរំខានដល់ជីវភាពប្រចាំថ្ងៃ គួរតែមានការមកជួបពិគ្រោះជាមួយនឹងក្រុមគ្រូពេទ្យឯកទេសជាមុនសិន ដើម្បីពិនិត្យនិងធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ មុននឹងឈានទៅដល់ការព្យាបាល។
ប្រសិនបើលោកអ្នកមានមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមអញ្ជើញរួសរាន់មកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់អោយបានទាន់ពេលវេលា។
នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕