សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤ ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៉ីរ៉ង់ បានឲ្យដឹងថា ខ្មាន់កាំភ្លើងបានសម្លាប់កម្មករប៉ាគីស្ថានចំនួន ៩នាក់នៅតំបន់ព្រំដែនភាគអាគ្នេយ៍នៃប្រទេសអ៉ីរ៉ង់ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ចំពេលដែលប្រទេសទាំងពីរកំពុងប្រឹងប្រែងជួសជុលទំនាក់ទំនងរបស់ពួកគេឡើងវិញ បន្ទាប់ពីផ្ទុះការបាញ់ផ្លោងដាក់គ្នាមួយប្រាវកន្លងមក។
តាមរយៈបណ្តាញសង្គម X លោក Muhammad Mudassir Tipu ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅទីក្រុងតេហេរ៉ង់ បានបញ្ជាក់ថា «មានការរន្ធត់ចិត្តជាខ្លាំងចំពោះការបាញ់សម្លាប់ជនជាតិប៉ាគីស្ថាន ៩នាក់នៅឯទីក្រុង Saravan។ ប៉ាគីស្ថាននឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់គ្រួសារអ្នកដែលបានបាត់បង់ជីវិត ហើយកំពុងអំពាវនាវឲ្យភាគីអ៉ីរ៉ង់សហការយ៉ាងពេញលេញលើបញ្ហានេះ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា ប៉ូលិសកំពុងស្វែងរកខ្មាន់កាំភ្លើងទាំង ៣នាក់ដែលរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាព។ គ្មានបុគ្គល ឬក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ចំពោះការបាញ់ប្រហារនៅក្នុងទីក្រុង Saravan នៃខេត្ត Sistan-Baluchestan នេះ។ បើតាមក្រុមសិទ្ធិ Baluch Haalvash ជនរងគ្រោះគឺជាកម្មករប៉ាគីស្ថាន រស់នៅក្នុងហាងជួសជុលរថយន្តដែលពួកគេធ្វើការ ហើយក៏មានមនុស្ស ៣នាក់ផ្សេងទៀតបានរងរបួសផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសការបាញ់ប្រហារនេះ ដោយគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «អ៉ីរ៉ង់ និងប៉ាគីស្ថាន នឹងមិនអនុញ្ញាតឲ្យសត្រូវណាមួយ មកបំផ្លាញចំណងមិត្តភាពរវាងប្រទេសទាំងពីរបានឡើយ»។
ការបាញ់ប្រហារនេះកើតមានឡើងនៅមុនដំណើរទស្សនកិច្ចទរបស់រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian ទៅកាន់ប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ ខណៈដែលអ៉ីរ៉ង់-ប៉ាគីស្ថាន កំពុងព្យាយាមដោះស្រាយបញ្ហាទំនាក់ទំនង បន្ទាប់ពីការបាញ់ផ្លោងដាក់គ្នាដែលប្រទេសទាំងពីរថាកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ ទៅលើទឹកដីនៃប្រទេសរបស់ពួកគេ៕
រូបថត: AFP