នៅថ្ងៃទី 28 ខែមករា កងទ័ពកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីល Strategic Pulhwasal-3-31 ចេញពីនាវាមុជទឹក ក្រោមការដឹកនាំរបស់មេដឹកនាំ Kim Jong Un ។
ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានផ្សាយនៅព្រឹកថ្ងៃទី ២៩ ខែមករាថា កាំជ្រួច Cruise Strategic Pulhwasal-3-31 ចំនួនពីរដើមក្នុងការសាកល្បងកាលពីថ្ងៃទី 28 ខែមករា “បានវាយប្រហារគោលដៅសម្មតិកម្មមួយបន្ទាប់ពីហោះហើរ” ក្នុងរយៈពេល 2 ម៉ោង 3 នាទី 41 វិនាទី និង ២ ម៉ោង ៤ នាទី ៥ វិនាទី។ ទោះជាយ៉ាងនេះក្តី សេចក្តីប្រកាសខាងលើមិនបានបញ្ជាក់ថា តើកាំជ្រួច Pulhwasal-3-31 ទាំងពីរអាចហោះបានចម្ងាយប៉ុន្មាននោះទេ។
យោងតាម KCNA ផងដែរ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បន្ទាប់ពីត្រួតពិនិត្យការបាញ់បង្ហោះនោះ បានសង្កត់ធ្ងន់ថា “អាវុធនុយក្លេអ៊ែរសម្រាប់កងទ័ពជើងទឹកកូរ៉េ គឺជាកិច្ចការបន្ទាន់ និងជាតម្រូវការស្នូលសម្រាប់ការកសាងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែរជាតិ” ។
KCNA បាននិយាយថា “លោក គីម បានកំណត់ភារកិច្ចសំខាន់ៗក្នុងការសម្រេចបាននូវអាវុធនុយក្លេអ៊ែររបស់កងទ័ពជើងទឹកកូរ៉េនិងពង្រីកវិសាលភាពប្រតិបត្តិការនៃកម្លាំងរារាំងនុយក្លេអ៊ែរ” ។
កន្លងមក យោធាកូរ៉េខាងត្បូងបាននិយាយថា ទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះកាំជ្រួចជាច្រើននៅម៉ោងប្រហែល 8:00 ព្រឹកថ្ងៃទី 28 ខែមករា (ម៉ោងក្នុងតំបន់) ពីឆ្នេរសមុទ្រនៃទីក្រុងកំពង់ផែ Shinpo ជាកន្លែងដែលកូរ៉េខាងជើងមានរោងចក្រផលិតនាវាមុជទឹក។
យ៉ុនហាប់ បានអត្ថាធិប្បាយថា ការសាកល្បងកាំជ្រួចជាប់ៗគ្នារបស់ទីក្រុងព្យុងយ៉ាងធ្វើឡើងក្នុងបរិបទដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្មីៗនេះចង់ឱ្យរដ្ឋសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ទងនឹងកូរ៉េខាងត្បូង៕ ដោយធីរីណា
រូបថត: KCNA