ខេត្តសៀមរាប÷ ក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ។
ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យនៅខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿនដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។ ការងារនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកនោះ បានឈានដល់ការសម្រេចជាស្ថាពរហើយ គឺនៅសល់តែការងារតិចតួច ដូចជា ការដាប់សម្អាតថ្មថ្មី និងបិទបាយអបំពេញនៅតាមមុខដំណរថ្មតែប៉ុណ្ណោះ។
កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងទៀតថា ខឿនជ្រុងខាងត្បូងផ្នែកខាងលិចរបស់រួតទី៣នៃប្រាសាទបាយ័ន ដែលរងខូចខាតខ្លាំងដោយសារតែមូលហេតុដូចជា ឬសឈើបានដុះចាក់ចូលទៅក្នុងរចនាសម្ពន្ធធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម និងបង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម។ ទឹកហូរច្រោះចូលទៅតាមប្រហោងថ្មដោយនាំល្បាយដីខ្សាច់ចេញមកក្រៅបណ្ដាលឱ្យខឿននេះហែកក្រៀកមួយចំនួន។
ម្យ៉ាងទៀត បារាំងធ្លាប់បានជួសជុលដោយប្រើបាយអស៊ីម៉ងត៍ទៅបិទបំពេញនៅតាមចន្លោះថ្មកម្រាល។ ប៉ុន្តែ មកដល់បច្ចុប្បន្នបាយអនោះអស់គុណភាព ហើយបានធ្វើឱ្យខឿនរួតទី៣របស់ប្រាសាទបាយ័ននៅតែប្រឈម និងហានិភ័យជាថ្មី៕