ក្រសួងការពារជាតិអាល្លឺម៉ង់បានអំពាវនាវឱ្យប្រជាជនសាងសង់«លេណដ្ឋាន»នៅក្នុងផ្ទះគេចពីការវាយប្រហារគ្រាប់បែក

ចែករំលែក៖

សេចក្តីព្រាងផែនការការពារជាតិគ្រាអាសន្នរបស់ប្រទេសអាល្លឺម៉ង់នឹងប្រគល់ភារកិច្ចសាងសង់ជម្រក ការពារគ្រាប់បែកដល់ជនស៊ីវិល ដើម្បីបង្ការពេលមានការវាយប្រហារ។

យោងតាមកាសែតអាល្លឺម៉ង់ Bild នៅថ្ងៃទី 27 ខែមករាក្រសួងការពារជាតិអាល្លឺម៉ង់កំពុងបំពេញសេចក្តីព្រាងឯកសារហៅថា “ផែនការប្រតិបត្តិការ” (OPLAN) ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែមេសាខាងមុខ។
យោងតាមឯកសារនេះ អាល្លឺម៉ង់នឹងក្លាយជាប្រទេសឆ្លងកាត់ដ៏សំខាន់មួយសម្រាប់សព្វាវុធនិងឧបករណ៍យោធា។ សម្រាប់ហេតុផលនោះ ទាហាននឹងទទួលភារកិច្ចការពារផ្លូវហាយវេសំខាន់ៗ ស្ថានីយរថភ្លើងនិងកំពង់ផែ។ ក្នុងពេលជាមួយគ្នានេះ ប្រជាជនអាល្លឺម៉ង់ត្រូវបានគេរំពឹងថានឹងប្រែក្លាយផ្ទះរបស់ពួកគេទៅជាជម្រកគ្រាប់បែក ក្នុងករណីដែលសង្រ្គាមធំកើតឡើងនៅអឺរ៉ុប។
បច្ចុប្បន្នមានជម្រកគ្រាប់បែកចំនួន ៥៧៩ ប៉ុណ្ណោះដែលនៅតែដំណើរការក្នុងប្រទេសអាល្លឺម៉ង់។ ផែនការថ្មីរបស់ក្រសួងការពារជាតិអនុញ្ញាតឱ្យមនុស្សបង្កើតជម្រកផ្ទាល់ខ្លួននៅកន្លែងដូចជាបន្ទប់ក្រោមដី និងយានដ្ឋានជាដើម។ នាយកការិយាល័យសហព័ន្ធការពារជនស៊ីវិលនិងជំនួយគ្រោះមហន្តរាយ លោក Ralph Tiesler បាននិយាយថា ការកសាងជម្រកថ្មីគឺមិនអាចធ្វើទៅបានទៀតទេ ដោយសារមានឧបសគ្គពេលវេលា។
ព័ត៌មានខាងលើត្រូវបានផ្តល់ឱ្យក្នុងបរិបទដែលអាល្លឺម៉ង់កំពុងស្វែងរកមធ្យោបាយពង្រឹងយោធារបស់ខ្លួន ដោយលើកឡើងពីការគំរាមកំហែងដែលកើតចេញពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ រដ្ឋាភិបាលបានកំណត់គោលដៅបង្កើនទំហំកងទ័ពពី 183.000 នាក់ដល់ 203.000 នាក់នៅឆ្នាំ 2031 ៕ ដោយធីរីណា

...

រូប​ថត​:spigel

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print