លោក រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានីយបូមទឹក ដែលបូមទឹកចូលប្រឡាយមេកីយចកដើម្បីស្រោចស្រពស្រូវរដូវប្រាំងរបស់បងប្អូននៅស្រុករមាសហែក និងស្រុករំដួល​

ចែករំលែក៖

ខេត្តស្វាយរៀង: លោក តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកដែលបូមទឹកចូលប្រឡាយមេកីយចកដើម្បីស្រោចស្រពស្រូវរដូវប្រាំងរបស់ប្រជាពលរដ្ឋនៅស្រុករមាសហែកនិងស្រុករំដួល និងបានពិនិត្យគម្រោងស្តារប្រឡាយដែលបាក់រាក់ដើម្បីធានាបានការរក្សាទឹកទុកសម្រាប់ប្រើប្រាស់និងស្រោចស្រព ។

ការចុះពិនិត្យស្ថានីយបូមទឹកចូលប្រឡាយមេកីយចក ស្ថិតនៅឃុំជ្រៃធំ ស្រុករមាសហែក ធ្វើឡើងនារសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែក លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្ត លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុកនិងក្រុមការងារជាច្រើននាក់ទៀត។

សូមបញ្ជាក់ថា មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរដែនដី បានចុះអនុវត្តការងារអន្តរាគមន៍បូមទឹកពីអាងទឹកកឺយចក បញ្ចូលតាមប្រឡាយមេកីចក ប្រវែង ២៩,០០០ម៉ែត្រ និងចែកចាយទឹកតាមប្រឡាយរងមួយចំនួនទៀតតាមបណ្ដោយប្រឡាយមេកីចក ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥សេះ ចំនួន ៤គ្រឿង ជួយសង្គ្រោះស្រូវប្រាំងចំនួន១,៦៩០ហិកតា ស្មើនឹង ១,៧២៣គ្រួសារ ស្ថិតនៅឃុំជ្រៃធំ ឃុំមុខដា ឃុំត្រពាំងស្ដៅ ស្រុករមាសហែក និងឃុំធ្មា ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

ការងារចុះអន្តរាគមន៍នេះ ចាប់ផ្តើមពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ និងកំពុងបន្តជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករឱ្យបានទាន់ពេលវេលាផងដែរ៕ ដោយសុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print