ទាក់ទងនឹងស្ថានភាពភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរនៅប្រទេសឈីលី កាលពីថ្ងៃទី៤ ខែកុម្ភៈ ប្រធានាធិបតីឈីលី លោក Gabriel Boric បានប្រកាសកាន់ទុក្ខជាតិរយៈពេលពីរថ្ងៃ ដើម្បីរំលឹកដល់ជនរងគ្រោះដោយគ្រោះមហន្តរាយភ្លើងឆេះព្រៃនៅតំបន់ភាគកណ្តាលនៃប្រទេស ដែលចំនួនអ្នកស្លាប់គិតត្រឹមព្រឹកនេះ បានកើនឡើងដល់១១២នាក់។
យោងតាមសារព័ត៌មាន CNN កាលពីថ្ងៃទី 4 ខែកុម្ភៈ ប្រធានាធិបតីឈីលី លោក Gabriel Boric បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងតំបន់កណ្តាលនិងភាគខាងត្បូង បន្ទាប់ពីភ្លើងឆេះព្រៃបានលេបត្របាក់ទីក្រុងនៅតាមឆ្នេរសមុទ្រជាច្រើនដោយផ្សែងហុយនិងបង្ខំមនុស្សជាច្រើនឱ្យចាកចេញពីផ្ទះរបស់ពួកគេ។
លោកប្រធានាធិបតី Gabriel Boric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា “ចំនួនជនរងគ្រោះពិតជានឹងកើនឡើងនៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ” ហើយបន្ថែមថា ក្រសួងការពារជាតិនឹងដាក់ពង្រាយអង្គភាពយោធាបន្ថែមទៀតទៅកាន់តំបន់រងផលប៉ះពាល់ “ជាមួយនឹងធនធានដែលមានទាំងអស់” ។ .
នៅក្នុងខេត្ត Marga Marga និងValparaíso បម្រាមគោចរត្រូវបានដាក់នៅក្នុងតំបន់មួយចំនួន ចាប់ពីម៉ោង 8 ព្រឹកដល់ថ្ងៃត្រង់ ម៉ោងក្នុងស្រុក ដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់បន្ទាន់នៃសម្ភារសំខាន់ៗ ជាពិសេសប្រេងឥន្ធនៈ ទៅកាន់កន្លែងដែលរងផលប៉ះពាល់។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ Carolina Toha បាននិយាយថា ភ្លើងប្រហែល 92 កន្លែងកំពុងឆេះនៅកន្លែងជាច្រើននៅទូទាំងប្រទេស និងប៉ះពាល់ដល់ព្រៃឈើប្រហែល 43,000 ហិកតា។ មកទល់ពេលនេះ ក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងភ្លើងបានចំនួន 40 កន្លែងហើយ និងកំពុងព្យាយាមពន្លត់ភ្លើងចំនួន 29កន្លែង ផ្សេងទៀត៕ ដោយធីរីណា
រូបថត: AFP