សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច​ នាព្រឹកនេះ!

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអង្គារទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតតាមព្រះរាជក្រមលេខ នស/រកត​/០១០​៥/​០០១ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា បំពេញ​បេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើការដឹកនាំនិងគ្រប់គ្រងវិស័យ​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានមុខងារ និងភារកិច្ចរៀបចំ និងអនុវត្តគោល​នយោ​បាយ យុទ្ធសាស្ត្រទិសដៅ និងផែនការរួមរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនី​តិសម្បទា, រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព គោលដៅ ទិសដៅ កម្មវិធី យន្ត​ការ​ក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែង ផ្តល់សេវាគាំពារដល់មុខសញ្ញាក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា, កសាង និងអនុវត្តលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងផែន​ការ​ពាក់​ព័ន្ធ​នឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាស្របតាមលិខិតបទដ្ឋានជាតិ និងអន្តរជាតិ, សិក្សា​ស្រាវជ្រាវបែបវិទ្យាសាស្ត្រលើផ្នែកសង្គមកិច្ច គ្រប់គ្រងការងារស្មុំកូនក្នុង​ប្រទេស និង អន្តរប្រទេស, ដឹកនាំ គ្រប់គ្រង និងសហការជាមួយដៃគូ អង្គការមិនមែនរដ្ឋាភិបាលនានាដែលធ្វើសកម្ម​ភាព លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, រៀបចំបង្កើតយន្តការជំរុញបំផុសការចូលរួម​សកម្មភាពការងារសង្គមកិច្ច សាមគ្គីធម៌សង្គម លើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាសរដ្ឋ ឯកជន អង្គការមនុស្សធម៌ ដៃគូអភិវឌ្ឍ សហគមន៍ និង មហាជនដែលបានចូលរួមសកម្មភាពដើម្បីសង្គម, អនុវត្ត​ភារកិច្ច​ផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ជាយន្តការគ្រប់គ្រង និងដឹកនាំការងារឱ្យមានប្រសិទ្ធភាព ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្ប​ទាតែងរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងាររបស់ខ្លួនសម្រាប់ឆ្នាំថ្មី។ នៅថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើក​សន្និបាត​បូកសរុបការ​ងារ​ឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ការងារឆ្នាំ២០២៤។

ពិធីបើកសន្និបាតត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនីតិសម្បទា។ ពិធីបើកនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពស្ថិតក្រោម​សមត្ថ​កិច្ចក្រសួង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមរាជធានី-ខេត្តទាំង២៥ ព្រមទាំង​តំណាង​ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្តរជាតិផងដែរ។

បន្ទាប់ពីពិធីបើកហើយនោះ លោក ជា សុមេធី បន្តដឹកនាំសន្និបាតពេញមួយថ្ងៃទី៥ ខែកុម្ភៈ។ ក្នុងសន្និ​បាត​នោះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអង្គភាពជំនាញឡើងធ្វើបទ​អន្តរាគមន៍ ក៏ដូចជាការផ្តល់មតិផ្សេងៗ​ពីថ្នាក់ដឹកនាំក្រសួង ដើម្បីកែលំអរចំណុចខ្វះខាត ក៏ដូចជាផ្តល់ជាទស្សនទានល្អៗបន្ថែមជំរុញឱ្យការងារ​កាន់​តែល្អប្រសើរ។

ក្នុងពិធីបើកសន្និបាតនោះ លោក ជា សុមេធី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ​ដែលក្រសួង​សម្រេច​បាននៅក្នុងឆ្នាំ២០២៣។ លោក ជា សុមេធី បានថ្លែងអំណរគុណដល់លោក វង សូត អតីតរដ្ឋ​មន្ត្រី​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រឹង​ប្រែង​ដឹក​នាំក្រសួងឱ្យសម្រេចបាននូវសមិទ្ធផលជាច្រើន។

លោករដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ​នីតិ​សម្បទា ដែលប្រឹងប្រែងរួមគ្នាខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងឆ្នាំ​២០២៣​​កន្លងទៅ។

លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការ​ជាតិ អន្តរជាតិ និងបណ្តាដៃគូអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានផ្ដល់កិច្ចសហ​ការ​កន្លងមក ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងទិសដៅលើកកម្ពស់វិស័យសង្គមកិច្ច ពិសេស​ការផ្តល់សេវាសង្គមកិច្ចឱ្យកាន់តែកៀកនឹងប្រជាជន ស្របតាមតម្រូវការជាក់ស្ដែង និងគោល​នយោ​បាយ​របស់រាជរដ្ឋាភិបាលដែល បាននិងកំពុងដាក់ឱ្យអនុវត្ត។

លោករដ្ឋមន្ត្រី ជា សុមេធី ក៏បានលើកបង្ហាញសមិទ្ធផលថ្មីៗមួយចំនួន ដែលក្រសួងសម្រេចបាន​ក្នុងឆ្នាំ​២០២៣។ ក្រសួងបានរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ដើម្បីឱ្យស្របនឹងស្ថានភាពវិវត្តន៍​ប្រែ​ប្រួលនៃវិស័យសង្គម​កិច្ច បានរៀបចំ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ៖

១៖ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
២៖ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី

៣៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀន គ្រឿងញៀនដោយស្ម័គ្រចិត្ត និង ផ្អែកលើសហគមន៍ «កែវ ផុស» ខេត្តព្រះសីហនុ
៤៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន «កណ្តាលស្ទឹង» ខេត្ត
កណ្តាល
៥៖ មណ្ឌលថែទាំមនុស្សចាស់ បានកសាង និងគ្រោងដាក់ឱ្យដំណើរការក្នុងពេលដ៏ឆាប់ខាងមុខ ដែល​មជ្ឈមណ្ឌលនេះ នឹងក្លាយទៅជាថ្នាលសម្រាប់បណ្តុះបណ្តាលធនធានមនុស្សបម្រើឱ្យកិច្ចការ​​ថែទាំ​មនុស្សចាស់
៦៖ បាននិងកំពុងកសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រសួងបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើក​ទី៥ ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៣ និងបានសម្រេចដាក់ចេញនូវ «សេចក្ដីថ្លែងការណ៍ភ្នំពេញ» ដែល​បានអនុម័តរួមគ្នា ហើយជាឯកសារដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក យក​ទៅ​អនុវត្តដើម្បីសម្រេចឱ្យបាននូវការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ច របស់ជនមានពិការ​ភាព​ក្នុង​អំឡុងពេលនិងក្រោយនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងនេះ ក្រសួងបានអនុវត្តនូវកិច្ចអន្តរាគមន៍ជំនួយសង្គមចំនួន៥ នៅក្នុងដំណាក់កាលនៃការ កើត​មាននូវវិបត្តិផ្សេងៗដូចខាងក្រោម៖
១៖ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដោយបានផ្តល់សេវាជូនអ្នក ទទួលផលសរុបចំនួនជាង ៣៦ម៉ឺននាក់ ចំណាយថវិកាអស់ ៣២លានដុល្លារ ហើយកម្មវិធីនេះ ជាកម្មវិធីអចិន្ត្រៃយ៍។
២៖ កម្មវីធីឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ដោយអនុវត្តបាន ចំនួន ៤២ លើក គិតត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ និងបានបើកផ្ដល់ ដល់គ្រួសារក្រីក្រក្នុងវង្វង់ ៧១ម៉ឺនគ្រួសារ ដោយចំណាយថវិកាអស់ប្រមាណជាង ១,៣០៦លានដុល្លារ ។
៣៖ ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព, និង គ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «២០ កុម្ភៈ ២០២១» ដែល បានអនុវត្តពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ និងបានបិទបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២១ និងបាន បើក​ផ្ដល់ដល់អ្នកទទួលផលចំនួន ១២៩,៦៦៦ គ្រួសារ ដោយចំណាយថវិកាចំនួន ៦.៦៨លាន
ដុល្លារ។
៤៖ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធរពីគ្រោះ​ទឹក​ជំនន់ ដែលបានអនុវត្តនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ហើយបិទបញ្ចប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលបើកផ្ដល់ដល់អ្នកទទួលផលសរុបចំនួន ៩៩,១៦៩គ្រួសារ ដោយចំណាយថវិកាសរុប ១១.៧០
លានដុល្លារ។
៥៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាដែល បានចាប់ផ្តើមអនុវត្តនៅខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៣ មានអ្នកទទួលផលសរុប ចំនួន ៤៩៥,៣០៧គ្រួសារ ដោយចំណាយថវិកាអស់ចំនួន ៤៤លានដុល្លារ។

បន្ថែមពីលើនោះ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបនឹងប្រកាសដាក់ឱ្យអនុវត្ត «កម្មវិធី​ជាតិ​ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «កម្មវិធី​កិច្ច​គាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់ប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌​ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤។

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារគឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដោយសំយោគ​កម្មវិធី​ដែល​មានស្រាប់ រួមផ្សំនឹងកម្មវិធីថ្មីបន្ថែម ដើម្បីទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ដោយប្រកាន់ភ្ជាប់នូវគោល​ការណ៍​បរិយាបន្ន និងសមធម៌ ព្រមទាំងការចៀសវាងបានការធ្លាក់ចុះយ៉ាងគំហុកនៃប្រាក់ចំណូល​សម្រាប់​គ្រួសារដែលមានបណ្ណសមធម៌ទាំងអស់ ក៏ដូចជាគិតគូរដល់សមាជិកគ្រួសារដែល​រស់នៅជា​មួយ​មេរោគ និងជំងឺអេដស៍។

...

កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនេះ នឹងផ្តល់ប្រយោជន៍ដល់គ្រួសារមានបណ្ណសមធម៌​ប្រមាណ ៧០ម៉ឺនគ្រួសារ ស្មើនឹង ២,៨លាននាក់ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ៦៧៤,៥ប៊ីលានរៀល ស្មើនឹង ១៦៥លានដុល្លារក្នុងឆ្នាំ២០២៤៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print