ខេត្តបន្ទាយមានជ័យៈ ប្រជាកសិករបានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវពួកគាត់ ដោយរិះគិតរកគ្រប់មធ្យោបាយនៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២៤នេះ។
ឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរធនធានទឹក និងឧត្តុនិយម លោកអភិបាលស្រុកមង្គលបូរី លោកនាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីពាក់ព័ន្ធ បានចុះទៅដល់ទីតាំងក្រុមការងារខួងអណ្តូង យកទឹកពីក្រោមដី ដើម្បីមកជួយសង្គ្រោះស្រូវប្រាំងខ្វះខាតទឹកស្រោចស្រប ក្រោយពីបានរកប្រភពទឹកបូបជួយអស់លទ្ធភាព នៅទីតាំងវាលភូមិក្រមល ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់គិតគូរដ៍ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងរំលឹកដល់អាជ្ញាធរមូលដ្ឋាន មន្ត្រីពាក់ព័ន្ធត្រូវឆ្លើយតបដោះស្រាយបញ្ហា ប្រជាពលរដ្ឋ ដោយមិនទុកឲ្យបញ្ហាទាំងនោះកើតមានឡើងដោយមិនបានដោះស្រាយនោះឡើយ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថាស្រូវប្រាំងខ្វះខាតទឹកត្រៀមដាក់គ្រាបប្រមូលផល ប្រមាណជាង ១០០០ ហិកតា នៅផ្នែកខាងលើស្ទឹងមង្គលបូរី ឃុំរហាត់ទឹក កំពុងជួយនេះ ។ ថ្ងៃនេះអណ្តូងដែលក្រុមការងារជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានកំពុងខួងបាន១អណ្តូងចេញទឹកទៅជួយសង្គ្រោះស្រូវបណ្តើរៗហើយ និងបន្តខួងនៅទីតាំងផ្សេងថែមទៀតតាមស្ថានភាពជាក់ស្តែង។ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុរនិយមខេត្ត បានឲ្យដឹងដែរថា នៅក្នុងឃុំសំបួរស្រុកមង្គលបូរី ស្រូវដែលជួបបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រព មានចំនួន ១២៥០ហិកតា។ ដូច្នេះចាប់ពីថ្ងៃទី ២៥ ខែ មករា ដល់ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយម បានសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមាន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ បានធ្វើការបូមសង្គ្រោះស្រូវបានទាន់ពេលវេលា ក្នុងនោះបានប្រើប្រាស់ម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះ ចំនួន៩គ្រឿង បូមពីដៃស្ទឹងមង្គលបូរី ក្នុងភូមិចំនួន ៧ ហើយលទ្ធផលសម្រេចគឺ ១១៦៥ហិកតា ស្មើនឹង ៩៣.២០%។ ចំណែកស្រូវនៅសល់ចំនួន ៨៥ហិកតាទៀត មន្ទីរកំពុងតែសហការជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍កសិករប្រើប្រាស់ទឹក និងប្រជាពលរដ្ឋ បន្តបូមសង្គ្រោះ រហូតដល់ថ្ងៃទី ៦ខែកុម្គៈ ឆ្នាំ២០២៤ នឹងបញ្ចប់គ្រប់ផែនការជួយបូមសង្រ្គោះរួចផុតពីរាំស្ងួត100%។ ប្រជាពលរដ្ឋ ប្រជាកសិករបានសម្តែងការអរគុណចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បានយកចិត្តទុកដាក់ជួយសង្គ្រោះស្រូវពួកគាត់៕
វណ្ណា