ខេត្តស្វាយរៀង ៖ ជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ចំនួន៤កុងតឺន័រ ស្មើនឹង១០២.៦តោន ដែលត្រូវសមត្ថកិច្ចជំនាញបង្ក្រាបបាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ត្រូវដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅនេះ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង លេចឮថា ៖ ជាអំពើឃុបឃិតគ្នា របស់មេគយ ជាច្រើនជំនាញនៅក្រុងបាវិត និងខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា ៖ យោងតាមមន្ត្រីជំនាញបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន ប្រចាំខេត្តស្វាយរៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រ ដែលផ្ទុកជើងមាន់នេះ ដោយពិនិត្យឃើញថា ពុំមានឯកសារគ្រប់គ្រាន់ទើបបាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងតឺន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យនៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះផ្ទុកជើងមាន់។
តាមការអះអាងរបស់អ្នកបើកបរបញ្ជាក់ថា ៖ ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូង នៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។
លោក ពេញ សារ៉េត (ម្ចាស់ឡានកុងតឺន័រ) បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងឡានកុងតឺន័រទាំង៤គ្រឿងនេះ ហើយមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះមានទិសដៅទៅច្រកដូង ស្រុករមាសហែក ហើយគ្រោងនាំចូលទៅវៀតណាមវិញ។ លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង ក៏បានបញ្ជាក់ថា ទំនិញទាំងនេះ គ្រោងនាំចូលទៅវៀតណាមវិញ ប៉ុន្តែលោកមិនបញ្ជាក់ថា មានច្បាប់នាំចូល ឬប្រកាសពន្ធនាំចូលរួចតាមនីតិវិធីនោះឡើយ ។
គួរជម្រាបថា ពិធីដុតកម្ទេចជើងមាន់ទាំង៤កុងតឺន័រនេះ មានការចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោកខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង លោកអគ្គនាយករងនៃអគ្គនាយកដ្ឋាន ក. ប. ប. លោក ហៀង ដារា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀង តំណាងសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង ព្រមទាំងអាជ្ញាធរដែនដី មន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ទីបំផុត ! ប្រភពគួរឱ្យទុកចិត្តពីខេត្តស្វាយរៀងបានអោយដឹងថា សំណុំរឿងករណីឃុបឃិតគ្នានាំចូលជេីងមាន់ខុសច្បាប់ ៤កុងតែន័រ ទម្ងន់ជាង ១០០ តោន បានបញ្ជូនទៅដល់អយ្យការអមសាលាដំបូងខេត្តស្វាយរៀងហេីយ កាលពីថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ម្សិលមុិញ ។
ប្រភពបានអោយដឹងទៀតថា ៖ អ្នកនាំជេីងមាន់ចូលគឺ លោកសម្បត្តិ ម្ចាស់ក្រុមហ៊ុន Sambath Logistic Co.Ltd មានអាស័យដ្ឋាននៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែកមន្ត្រីដែលឃុបឃិតគ្នាអនុញ្ញាតិអោយនាំចូល ដោយមិនបង់ពន្ធ និង គ្មានលិខិតអនុញ្ញាតអោយនាំចូល លោក ខៀវ សារឿន មេគយតំបន់២ លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង និង សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត ( ឃុបឃិតគ្នាជាលក្ខណះប្រព័ន្ធ ) ។
សូមជម្រាបថា ៖ ជេីងមាន់ខូចគុណភាពនាំចូលខុសច្បាប់នេះ ត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បង្កើតគណៈកម្មការចម្រុះរួមទាំងអាជ្ញាធរខេត្តស្វាយរៀងផង ដុតបំផ្លាញចោលរួចហេីយ ។ ខណៈពេលនេះតំណាងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កំពុងចាត់ការបន្តតាមនិតិវិធីច្បាប់ ។
រហូតមកដល់ពេលនេះ អគ្គនាយកដ្ឋានគយ និង រដ្ឋាករ មិនទាន់ចេញសេចក្ដីប្រកាសព័ត៌មាន អំពីករណីនេះនៅឡេីយទេ ខណៈ ករណីកន្លងមក តែងតែឃើញ អគ្គនាយកដ្ឋានគយ និង រដ្ឋាករ បំភ្លឺជាហូរហែរនៅពេលមានព័ត៌មានរសើប ។
សូមបញ្ជាក់ថាថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល បានផ្ដល់ អនុសាសន៍ណែនាំមិនអោយមានការនាំគ្រឿងក្នុង ឬ បំណែកសាច់ ឬ សាច់បង្កកចូលទេ។
មហាជនហួសចិត្តចំពោះទង្វើរបស់មន្ត្រីគយខាងលេី ដែលហ៊ានអនុញ្ញាតអោយនាំចូលដោយខុសច្បាប់ ទាំងទទួលបាន អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រី រួចហើយ ។ ដូច្នេះសូមលោក គុណ ញឹម រដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី ទទួលបន្ទុក អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា មេត្តាពិនិត្យក្នុងរឿងនេះផង ព្រោះ លោក ខៀវ សារឿន មេគយចល័តតំបន់២ ជំនាញចាំរាប់ក្បាលឡានយកលុយ តាមរយះរថយន្តដឹកទំនិញ ដឹកទំនិញត្រូវបង់ពន្ធនាំចូលខ្ពស់ តែប្រកាសពន្ធនាំចូលទាប ជាប្រភេទទំនិញក្លែងភេទ ដែលឈ្មួញម៉ៅការដឹកជញ្ជូននោះ ហើយ លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង ក៏សម្ងំ កន្ទេលធំ បន្លំដេក ដើម្បីប្រយោជន៍ ។
ជាមួយគ្នានេះ មហាជនកំពុងរង់ចាំមេីលថា តេី មេគយធំ នៅបន្តកាងមន្ត្រីក្រោមឱវាទខិលខូចទាំងនេះ ឬ យ៉ាងណា ? ឬ ក៏មន្ត្រីទាំងនេះជាចង្វារចិញ្ចឹមឆ្ដោ ? ។
ពាក់ព័ន្ធក្នុងករណីនេះ នៅព្រឹកថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០២៤ លោក ខៀវ សារឿន មេគយតំបន់២ តាមទូរស័ព្ទជាមួយ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» លោកមិនបានបកស្រាយទេ ដោយប្រើភាសា សូមទោស ពេលនេះមិនទាន់និយាយបាន ដោយមានធុរះមកចូលរួមបុណ្យនៅក្រុងបាវិត ។ ដោយឡែក លោក ហេង សំបូរ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង ទូរស័ព្ទចូល ប៉ុន្តែគ្មានអ្នកទទួល ។ ចំពោះលោក សែ សុឃន អ្នកនាំពាក្យអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា មិនអាចទាក់ទងបាន ទូរស័ព្ទត្រូវបានបិទ ! ពីមុនខាង អគ្គនាយក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ចេញសេចក្តីប្រកាស បញ្ជាក់ឈ្មោះអ្នកពាក្យ អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និងដាក់លេខទូរស័ព្ទ អ្នកសារព័ត៌មាន សួរភ្លាមឆ្លើយ ឥឡូវបិទទូរស័ព្ទ តើបញ្ហានេះអាចពាក់ព័ន្ធនឹងការអនុវត្តការងារ ការឆ្លើយតប រវាងអ្នកសារព័ត៌មាន នឹងអ្នកនាំពាក្យទេ ? ៕