ដើម្បីនាំទៅរកទីបញ្ចប់នៃសង្រ្គាមជាមួយអ៉ីស្រាអែល ក្រុមហាម៉ាស ស្នើបទឈប់បាញ់មាន៣ដំណាក់កាល

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា ក្រុមហាម៉ាសបានស្នើឡើង នូវផែនការបទឈប់បាញ់មួយ ដែលនឹងផ្អាកការប្រយុទ្ធគ្នានៅក្នុងតំបន់ហ្កាហ្សាស្រ្ទីប (Gaza Strip) សម្រាប់រយៈពេល៤ខែកន្លះ ហើយឈានទៅរកការបិទបញ្ចប់សង្រ្គាមជាមួយអ៉ីស្រាអែល ខណៈវាគឺជាការឆ្លើយតបចំពោះសំណើផ្ញើមកកាលពីសប្តាហ៍មុន ដោយភាគីជួយសម្រុះសម្រួលជម្លោះ គឺកាតានិងអេហ្ស៉ីប ហើយដែលមានការគាំទ្រដោយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។

យោងតាមសេចក្តីព្រាងសំណើខាងលើដែល Reuters បានឃើញ សំណើបទឈប់បាញ់របស់ក្រុមហាម៉ាស គឺមាន៣ដំណាក់កាល ហើយ១ដំណាល់កាលៗ មានរយៈពេល ៤៥ថ្ងៃ។ តាមរយៈផែនការនោះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន នឹងដោះដូរចំណាប់ខ្មាំងអ៉ីស្រាអែលនៅសល់ទាំងប៉ុន្មាន ដែលពួកគេបានចាប់យកទៅ អំលុងការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាមួយអ្នកទោសប៉ាឡេស្ទីន ដែលជាប់ឃុំឃាំងនៅអ៉ីស្រាអែល។ ទន្ទឹមគ្នា កិច្ចប្រឹងប្រែងស្ថាបនាតំបន់ Gaza ឡើងវិញ នឹងចាប់ផ្តើម, កងទ័ពអ៉ីស្រាអែល នឹងត្រូវដកចេញទាំងស្រុង ហើយសាកសពនឹងត្រូវដោះដូរគ្នា។
នាថ្ងៃពុធនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Antony Blinken កំពុងស្ថិតនៅអ៉ីស្រាអែលជាថ្មីម្តងទៀត ក្រោយការបើកកិច្ចពិភាក្សានៅប្រទេសកាតានិងអេហ្ស៉ីប ក្នុងកិច្ចប្រឹងប្រែងការទូត ដែលមានគោលដៅចម្បង ស្វែងរកបទឈប់បាញ់រយៈពេលវែង ដើម្បីបិទបញ្ចប់សង្រ្គាម។ យោងតាមផែនការដដែលរបស់ក្រុមហាម៉ាស ចំណាប់ខ្មាំងអ៉ីស្រាអែលជាមនុស្សស្រី និងប្រុសអាយុក្រោម១៩ឆ្នាំ ព្រមទាំងអ្នកមានវ័យចំណាស់ និងអ្នកឈឺថ្កាត់ នឹងត្រូវដោះលែង អំឡុងដំណាល់កាលរយៈពេល៤៥ថ្ងៃដំបូង ជាថ្នូរនឹងការដោះលែងស្រ្តីនិងអនីតិជនប៉ាឡេស្ទីន ចេញពីពន្ធនាគារអ៉ីស្រាអែល។
ចំណែកចំណាប់ខ្មាំងប្រុសៗដែលនៅសល់ទាំងប៉ុន្មាន នឹងត្រូវដោះលែងអំលុងដំណាក់កាលទី២ ខណៈសាកសព នឹងត្រូវដោះដូរគ្នានៅក្នុងដំណាក់កាលទី៣។ ដល់ចុងបញ្ចប់ នៃដំណាក់កាលទី៣នោះ ក្រុមហាម៉ាសរំពឹងថា ភាគីទាំងពីរនឹងអាចឈានដល់ កិច្ចព្រមព្រៀងស្តីពីការបិទបញ្ចប់សង្រ្គាមនៅ Gaza។ បទឈប់បាញ់រយៈពេលវែងនេះ ក៏នឹងជួយបង្កើនលំហូរជំនួយផ្សេងៗ ទៅកាន់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងត្រូវការពួកវាយ៉ាងចាំបាច់ជាទីបំផុតផងដែរ នៅទីនោះផងដែរ។
អ៉ីស្រាអែលបានចាប់ផ្តើមធ្វើសង្រ្គាម នៅដែនដីប៉ាឡេស្ទីន Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បន្ទាប់ពីពួកហាម៉ាសបានធ្វើសកម្មភាពឆ្មក់វាយប្រហារ ទ្រង់ទ្រាយធំយ៉ាងភ្ញាក់ផ្អើល ដោយបានផ្តាច់ជីវិតមនុស្សប្រមាណ១,២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៥០នាក់ នៅភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន។ យោងតាមក្រសួងសុខាភិបាលតំបន់ Gaza ជនជាតិប៉ាឡេស្ទីនកើនដល់យ៉ាងហោច២៧,៥៨៥នាក់ហើយ បានបាត់បង់ជីវិត ក្នុងសង្រ្គាមសងសឹករបស់អ៉ីស្រាអែល៕

...

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print