ក្នុងឆ្នាំ២០២៣ គម្របព្រៃឈើជាង ២៥ហិកតា ត្រូវបានស្ដារឡើងវិញនៅខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី÷ ក្នុងការអនុវត្តគម្រោងនៃការស្តារព្រៃឈើឡើងវិញ ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិស្តីពីបរិស្ថានរបស់រាជរដ្ឋាភិបាលកម្ពុជា USAID មរតកបៃតង និងអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំប្រទេសកម្ពុជា សហការជាមួយក្រសួងបរិស្ថាន បានសម្រេចការស្តារគម្របព្រៃឈើឡើងវិញបានចំនួន ២៥,៤៤ហិកតា ជាមួយនឹងកូនឈើចំនួន ២៧ ១២៥ដើម ត្រូវបានចែកចាយ និងដាំនៅទីតាំងសំខាន់ៗចំនួន ៥ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើតាមប្រភពពី USAID មរតកបៃតង បានឱ្យដឹងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ក្នុងការរៀបចំព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការយល់ដឹង និងកៀរគរការគាំទ្រពីប្រជាពលរដ្ឋជាង ៦០០នាក់ ដើម្បីចូលរួមក្នុងការដាំដើមឈើ ថែរក្សា និងលើកកម្ពស់ការដាំដើមឈើឡើងវិញនៅក្នុងសហគមន៍មូលដ្ឋានរបស់ពួកគេ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា សកម្មភាពស្តារគម្របព្រៃឈើឡើងវិញទាំងនេះ គឺជាផ្នែកមួយនៃគម្រោងដាំដើមឈើឡើងវិញរយៈពេលបួនឆ្នាំ (២០២២-២០២៥) ដែលជាគំនិតផ្តួចផ្តើមចេញពីគម្រោងរេដបូកកែវសីមា។

គោលដៅចម្បង គឺដើម្បីស្តារ និងពង្រឹងគម្របព្រៃឈើលើផ្ទៃដី ១ ០០០ហិកតា ដោយប្រើប្រភេទឈើក្នុងស្រុក ដើម្បីស្ដារព្រៃ និងស្តារស្រទាប់ដីដែលរិចរិលខូចគុណភាពឡើងវិញ។

ជាមួយគ្នានេះដែរ គម្រោងក៏មានបំណងអប់រំសហគមន៍ដែលរស់នៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃកែវសីមា អំពីសារៈសំខាន់នៃការការពារព្រៃឈើរយៈពេលវែងសម្រាប់ជីវភាពរស់នៅរបស់ពួកគេ និងភាពជោគជ័យនៃគម្រោងរេដបូកផងដែរ។

...

ក្នុងឆ្នាំសារពើពន្ធ២០២៤ គម្រោងបានដាក់គោលដៅដាំកូនឈើចំនួន ៥៥ ០០០ដើម លើផ្ទៃដីចំនួន ៥០ហិកតា នៃដីព្រៃដែលខូចគុណភាព ឬត្រូវបានកាប់ឆ្ការពីមុនមក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print